
ប្រទេសទួរគីបានជូនដំណឹងដល់អង្គការណាតូ (NATO) ថា ការផ្តល់សច្ចាប័នលើការស្នើសុំសមាជិកភាពរបស់ប្រទេសស៊ុយអែត នឹងមិនត្រូវបានបញ្ចប់ទាន់ពេលវេលា ដើម្បីអនុញ្ញាតឲ្យមានពិធីចូលជាសមាជិករបស់ប្រទេសនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធភាព នាសប្តាហ៍ក្រោយនេះទេ។ នេះបើយោងតាមការឲ្យដឹងពីប្រភពចំនួន២ ដែលដឹងពីបញ្ហានេះ កាលពីថ្ងៃពុធ (ទី២២ ខែវិច្ឆិកា)។
កាលពីសប្តាហ៍មុន គណៈកម្មការកិច្ចការបរទេសរបស់សភាទួរគី បានពន្យារពេលការបោះឆ្នោតលើការស្នើសុំរបស់ស៊ុយអែត ដើម្បីទទួលបានសមាជិកភាពរបស់អង្គការណាតូ ក្នុងគោលបំណងធ្វើការពិភាក្សាបន្ថែមទៀតលើប្រធានបទនេះ។
ប្រភពមួយបានឲ្យដឹងថា គណៈកម្មការនេះទំនងជានឹងបន្តកិច្ចពិភាក្សារបស់ខ្លួនឡើងវិញលើបញ្ហានេះនៅថ្ងៃអង្គារ ឬថ្ងៃពុធ។ រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ នឹងជួបប្រជុំគ្នានៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ជាការជួបជុំ ដែលសមាជិករបស់ប្លុកការពារជាតិលោកខាងលិច បានសង្ឃឹមថា នឹងផ្ដល់សញ្ញាជាសមាជិកភាព សម្រាប់ប្រទេសស៊ុយអែត។ ក្រសួងការបរទេសទួរគីមិនអាចទាក់ទងបានភ្លាមៗនោះទេ សម្រាប់ការសុំអត្ថាធិប្បាយបាន។
សូមបញ្ជាក់ថា ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់បានស្នើសុំចូលរួមជាមួយអង្គការណាតូ កាលពីខែឧសភាឆ្នាំមុន បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន៕