
វីដេអូកងទ័ពអ៊ីស្រាអែលដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះ ឃើញមេបញ្ជាការកងទ័ពអ៊ីស្រាអែលលោកឧត្តមសេនីយ៍ឯក Herzi Halevi ដើរនៅតំបន់ហ្គាហ្សា និងនិយាយទៅកាន់ក្រុមមេបញ្ជាការថា សង្រ្គាមនឹងបន្តរហូតដល់ពួកយើងសម្រេចបានជ័យជំនះ ។
លោក Halevi និយាយថា ពួកយើងព្យាយាមតភ្ជាប់គោលដៅសង្រ្គាម ដើម្បីដាក់សំពាធពីប្រតិបត្តិការជើងគោគនាំឲ្យពួកយើងសម្រេចគោលដៅសង្រ្គាមមួយនេះ បង្កើតលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមជីវពលហាម៉ាស់ ។
លោកបន្តថា ពួកយើងនឹងមិនបញ្ចប់សង្រ្គាមនោះទេ ។ ពួកយើងនឹងបន្តធ្វើសង្រ្គាមរហូតដល់ពួកយើងឈ្នះ បន្តធ្វើសង្រ្គាមនៅតំបន់ផ្សេងទៀតរបស់ក្រុមហាម៉ាស់ ។
ស្របពេលដេលបទឈប់បាញ់ស្នើសុំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានពន្យាពេលយ៉ាងហោចរយៈពេល ១ថ្ងៃទៀតនោះ សង្រ្គាមក្នុងតំបន់មួយនេះនៅតែបន្ត ក្នុងនោះយោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាស ហើយការព្រមានស៊ីរ៉ែនពីការបាញ់រ៉ុក្កែតឆ្លងព្រំដែនដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានបន្លឺឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ។
គួរឲ្យដឹងថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និយាយដូចគ្នាថា ពួកគេនឹងវិលត្រឡប់ទៅធ្វើសង្រ្គាមវិញ នៅពេលណាដែលបទឈប់បាញ់ បានកន្លងផុត ៕