
ស្ថិតក្នុងស្រុកដាច់ស្រយាល Bajil ជាកន្លែងដែលកើតមានគ្រោះរាំងស្ងួតបណ្តាមកពីបម្រែបម្រួលអាកាសធាតុ ហើយនិងកង្វះខាតការផ្គត់ផ្គង់ទឹកប្រកបដោយនិរន្តរភាព លោក Ali al-Qudaimi បានងាកមកប្រើប្រាស់វិធីរក្សាទឹកភ្លៀងនាសម័យចាស់កាលពីរយៈពេល ១០ឆ្នាំមុន ដើម្បីដោះស្រាយវិបត្តិទឹក ។
ទោះបីជាយ៉ាងណាក៏ដោយ ក្តីស្រមៃរបស់លោកត្រូវបានអាប់អួរដោយសារតែភាពខ្សត់ទឹកភ្លៀងដែលជះឥទ្ធិពលដល់គ្រួសាររបស់លោក ។
ជាមួយនឹងសត្វលារបស់លោក លោក Qudaimi បានដើររាល់ថ្ងៃចម្ងាយរាប់សិបគ.ម ដើម្បីទៅដល់អណ្តូងសប្បុរធម៌ គឺជាប្រភពទឹកតែមួយគត់មាននៅក្នុងភូមិរបស់គាត់ ដែលមានចម្ងាយប្រហែល ១៧៩គ.មភាគខាងលិចទីក្រុងសាណា ។
នៅតំបន់ផ្សេងទៀតក្នុងប្រទេសយេម៉ែន ប្រជាពលរដ្ឋបានងាកមកប្រើប្រាស់ការរក្សាទឹកនាសម័យចាស់នេះដូចគ្នានៅតាមទំនប់ទឹក ត្រពាំង និងអាងស្តុកទឹក ដែលជាបច្ចេកទេសប្រពៃណីចាស់បុរាណតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ហើយនិងការស្តុកទឹកភ្លៀងទុក ។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយដែលប្រជាពលរដ្ឋយេម៉ែន ពឹងផ្អែកលើបច្ចេកទេសគ្រប់គ្រងទឹកបែបនេះ ដើម្បីគេចផុតពីកង្វះខាតទឹក បង្កឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ។
នៅស្រុក Bani Matar ដែលមានចម្ងាយប្រហែល ៤០គ.មភាគខាងលិចទីក្រុងសាណា ទំនប់ទឹកជួយភូមិជាច្រើនរក្សាទឹកភ្លៀងសម្រាប់ខែប្រាំង វាមិនត្រឹមតែផ្តល់សន្តិសុខទឹកប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយធ្វើឲ្យល្អប្រសើរឡើងផលិតភាពកសិកម្មផងដែរ និងជំរុញសហគមន៍បង្កើនការដាំដុះ និងទ្រទ្រង់ការចិញ្ចឹមសត្វ អំឡុងពេលខែប្រាំង ៕