ស្វាយរៀង ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង និងចូលរួមជួយសម្រាលបន្ទុកដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយត្រូវបង្កើនធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋ បង្កភាពស្និតស្នាល ផ្សារភ្ជាប់គ្នាដូចជា ៖ មានបុណ្យទាន មានជំងឺ ការសួរសុខទុក្ខ ឬការឧបត្ថម្ភ ជាដើម ជាពិសេសត្រូវបន្តលើកកម្ពស់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងបាវិត ខេត្តស្វាយរៀង ទទួលបន្ទុកតាមសង្កាត់ទាំង៥ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីភារកិច្ចមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាល ក្នុងការពង្រឹងទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាន ព្រមទាំងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារ បន្តបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីស្វែងយល់សុខទុក្ខជុំវិញជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ឲ្យបានសមស្រប និងទាន់ពេលវេលាផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តលើកឡើងថា ចាប់ពីពេលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីខេត្ត និងក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់មក គឺបានដំណើរការធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ដើម្បីក្តាប់ស្ថានភាព បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាមិនពេញចិត្ត និងការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋានបានទាន់ពេលវេលា ជាពិសេសទៅទៀតបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលដល់គ្រប់មជ្ឈដ្ឋានដូចជា៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល បានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមការងារ នាពេលកន្លងមក ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋមូលដ្ឋាន ឆ្លើយតបនឹងគុណបំណាច់ដែលពួកគាត់បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតនាពេលកន្លងមកនេះ ក៏ដូចជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការសម្រេចបានតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៦ នៃរដ្ឋសភា៕






