
ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា ក្នុងជំនួបជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន កាលពីថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) គណៈប្រតិភូរបស់គណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធយុវជននៃគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានប្រគល់លិខិតរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលផ្ញើជូនប្រធានាធិបតីចិន លោក Xi Jinping។
បើយោងតាមទូរទស្សន៍រដ្ឋជប៉ុន បានឲ្យដឹងថា ប្រធានគណបក្សលោក Natsuo Yamaguchi បានប្រគល់សំបុត្រនោះ នៅពេលលោកជួបជាមួយលោក Cai Qi ប្រធានលេខាធិការដ្ឋានដ៏មានឥទ្ធិពលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ដែលគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ CPC។
ទូរទស្សន៍ CCTV បានដកស្រង់សម្តីរបស់លោក Cai ដែលបានប្រាប់គណៈប្រតិភូជប៉ុន អំឡុងជំនួបនោះថា គណបក្សកាន់អំណាចនៃប្រទេសទាំង២ គួរតែ «ទទួលយកការអភិវឌ្ឍ និងគោលដៅយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅយ៉ាងត្រឹមត្រូវ ហើយធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមកប្រកបដោយ «ភាពវិជ្ជមាន» និង «មិត្តភាព»។
សូមបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី មានសភាពកាន់តែតានតឹងឡើងៗ បន្ទាប់ពីប្រទេសជិតខាងទាំង២ បានប៉ះទង្គិចគ្នា ជុំវិញបញ្ហានានា រាប់តាំងពីការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនទៅក្នុងមហាសមុទ្រ រហូតដល់ការទាមទារទឹកដីដែនសមុទ្រ ការឃុំខ្លួនពលរដ្ឋជប៉ុន បញ្ហាកោះតៃវ៉ាន់ និងការហាមឃាត់ការនាំចេញ៕