ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Shen Yueyue អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។
លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្ដម វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូន ប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវ កំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន។
ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ គា្នទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានប្តេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆារ និងអង្ករ» ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ ដោយ ៖ ដារា


