
អាជ្ញាធរក្រុងញូវដេលី នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា) បានឲ្យដឹងថា វិធានការក្រោមផែនការសកម្មភាព ដើម្បីទប់ស្កាត់ការបង្កកខ្វក់ខ្យល់អាកាស ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌានេះ នឹងនៅតែមានដដែល រហូតដល់គុណភាពខ្យល់ប្រសើរឡើង។
បើយោងតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងញូវដេលី គឺស្ថិតនៅកម្រិត ៣០២ ដោយត្រូវបានដាក់នៅក្នុងប្រភេទខ្យល់អាកាសបង្កគ្រោះថ្នាក់ដល់សុខភាព។
ការបំពុលបរិយាកាសរបស់ទីក្រុងញូវដេលី មានសភាពកាន់តែអាក្រក់ទៅៗ ក្នុងរដូវរងា នៅពេលដែលល្បឿនខ្យល់បក់ ថយចុះ ហើយខ្យល់ត្រជាក់ មានទៅដោយសារធាតុកខ្វក់ ដែលបញ្ចេញដោយយានយន្ត ឧស្សាហកម្ម និងកសិករ ដែលដុតកាកសំណល់កសិកម្មពីរដ្ឋនៅជុំវិញ ដើម្បីត្រៀមដាំដុះដំណាំថ្មី។
រដ្ឋធានីដែលរងការបំពុលច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្ដើមការប្រយុទ្ធប្រចាំឆ្នាំរបស់ខ្លួនឡើងវិញ ទល់នឹងការបង្កកខ្វក់ ក្នុងខែនេះ បើទោះបីជារដ្ឋាភិបាល បានសន្យាថា នឹងធ្វើឲ្យខ្យល់អាកាសប្រសើរឡើងក៏ដោយ៕