នៅក្នុងជំរំសំពត់តង់សម្រាប់ពលរដ្ឋជម្លៀសខ្លួននៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា លោក Omar al-Salawat សង្ឃឹមថា បទឈប់បាញ់នឹងអាចធ្វើឲ្យគ្រួសាររបស់លោកវិលត្រឡប់ទៅកាន់ផ្ទះវិញបាន ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រាល់ពេលដែលពួកយើងត្រៀមខ្លួន និងរាល់ពេលដែលវិញ្ញាណរបស់ពួកយើងរស់ឡើងវិញ គឺពេលដែលពួកយើងឮដំណឹងល្អ ។ ពួកយើងប្រាប់ខ្លួនឯងថា វាដល់ពេលដែលពួកយើងត្រូវវិលត្រឡប់ទៅផ្ទះវិញហើយ តែភ្លាមនោះ ពួកគេនិយាយថា បទឈប់បាញ់គ្មានដំណើរនោះទេ ។
លោក al-Salawat បន្តថា កូនៗរបស់ពួកយើងហត់នឿយខ្លាំងណាស់ ពួកយើងចង់រស់នៅជាមួយកូនៗរបស់ពួកយើងដោយសុវត្ថិភាព និងសុខក្សេមក្សាន្ត ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ អ៊ីស្រាអែល បានយល់ព្រមបទឈប់បាញជាមួយក្រុមហាម៉ាស់សម្រាប់រយៈពេល ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូល និងដោះលែងចំណាប់ថ្នូរយ៉ាងហោច ៥០នាក់ ដែលចាប់ដោយក្រុមជីវពលហាម៉ាស់ ជាការដោះដូរនឹងការដោះលែងជនប៉ាឡេស្ទីនយ៉ាងហោច ១៥០ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល ។
ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ២ភាគ៣នៃពលរដ្ឋ ២,៣លាននាក់នៅក្នុងតំបន់ហ្គាហ្សា បានជម្លៀសខ្លួន ក្នុងនោះមនុស្សរាប់ពាន់នាក់ នៅបន្តផ្លាស់ទីជារៀងរាល់ថ្ងៃជាមួយទ្រព្យសម្បត្តិរបស់ពួកគេ និងកូនៗរបស់ពួកគេ ទៅកាន់តំបន់ភាគខាងត្បូងហ្គាហ្សា ៕