
លោក Andrey Chibis គឺជាអភិបាលតំបន់ Murmansk របស់រុស្ស៊ីជាប់ព្រំដែនហ្វាំងឡង់នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសវិធានអាសន្នកម្រិតខ្ពស់ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលច្រកព្រំដែនភាគច្រើនរវាងប្រទេសទាំង ២នឹងត្រូវបិទ ហើយរថយន្ត និងពលរដ្ឋបន្តជាប់ខ្លួននៅព្រំដែនរុស្ស៊ី ។
កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក Petteri Orpo បាននិយាយថា ហ្វាំងឡង់ នឹងបិទព្រំដែនទាំងអស់ លើកលែងតែច្រកព្រំដែននៅភាគខាងជើងជាមួយរុស្ស៊ីប៉ុណ្ណោះ ចាប់ពីយប់ពាក់កណ្តាលអាធ្រាតថ្ងៃសុក្រតទៅ ដើម្បីបញ្ឈប់លំហូរក្រុមស្វែងរកសិទ្ធិជ្រកកោន មកកាន់ប្រទេសក្នុងតំបន់ Nordic មួយនេះ ។
ទីភ្នាក់ងារឆ្មាំល្បាតឆ្នេរ និងព្រំដែនអឺរ៉ុប Frontex បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូនក្រុមមន្រ្តី និងបុគ្គលិកបន្ថែមទៀត ទៅកាន់ប្រទេសហ្វាំងឡង់នៅសប្តាហ៍ក្រោយ ។
ចាប់តាំងពីដើមសប្តាហ៍នេះរហូតមក មនុស្សជាង ៦០០នាក់ដែលគ្មានឯកសារធ្វើដំណើរមានសុពលភាពទៅកាន់សហភាពអឺរ៉ុប បានធ្វើដំណើរមកដល់ហ្វាំងឡង់ កាត់តាមព្រំដែនរុស្ស៊ី ជាហេតុធ្វើឲ្យលោក Helsinki ប្រកាសបិទច្រកព្រំដែនជាច្រើន ហើយនិងចោទប្រកាន់ទីក្រុងម៉ូស្គូថាជាធ្វើឲ្យកើតមានលំហូរជនអន្តោប្រវេសន៍ ប៉ុន្តែវិមានក្រឹមឡាំង បានធ្វើការច្រានចោលទាំងស្រុងការចោទប្រកាន់មួយនេះ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះ មកពីប្រទេសជាច្រើនរួមទាំងប្រទេសយេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី ៕