ប្រធានមន្ទីរពេទ្យ Al Shifa នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងត្រូវបានសាកសួរ កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញភ័ស្តុតាងដែលយោធាអ៊ីស្រាអែល បាននិយាយថា កន្លែងនោះ ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងសម្រាប់ចលនាអ៊ីស្លាមហាម៉ាស។

យោធាបាននិយាយថា លោកវេជ្ជបណ្ឌិត Muhammad Abu Salamiyah បានទទួលខុសត្រូវលើអគារដ៏ធំទូលាយនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា និងរក្សាទុកអាវុធ នៅក្នុងមន្ទីរពេទ្យ និងមូលដ្ឋានរបស់ខ្លួន។

យោធានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅក្នុងមន្ទីរពេទ្យក្រោមការគ្រប់គ្រងរបស់លោក មានសកម្មភាពដ៏ទូលំទូលាយរបស់ភេរវករហាម៉ាស»។
មន្ទីរពេទ្យ Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុត នៅក្នុងទឹកដីប៉ាឡេស្ទីន បានក្លាយជាចំណុចកណ្តាលនៃការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមទាំងសងខាង។
ខណៈពេលដែលអ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស បានកំណត់ទីតាំងប្រតិបត្តិការរបស់ខ្លួន នៅកន្លែងនោះ ដោយផ្ទុយនឹងច្បាប់អន្តរជាតិ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើកន្លែងព្យាបាលដែលជនស៊ីវិលរាប់ពាន់នាក់ បានស្វែងរកទីជម្រកពីការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។