ក្រុមបាតុករជនជាតិហូឡង់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងជ័យជម្នះក្នុងការបោះឆ្នោតរបស់អ្នកនយោបាយនិយមស្តាំនិយមជ្រុល លោក ហ្គឺត វីលឌឺស (Geert Wilders) នៅទីក្រុងអ៊ូត្រេចស៍ (Utrecht) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) រយៈពេលមួយថ្ងៃបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបានបង្កឱ្យមានការខកចិត្តចំពោះជនជាតិម៉ូស្លីម និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

ប្រជាជនម៉ូស្លីមនៅក្នុងប្រទេសហូឡង់ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកឈ្នះការបោះឆ្នោត ដែលពីមុនធ្លាប់បានអំពាវនាវឱ្យមានការហាមឃាត់វិហារអ៊ីស្លាម និងគម្ពីរកូរ៉ាននៅក្នុងប្រទេសហូឡង់។
ក្រុមបាតុករបានប្រមូលផ្តុំគ្នា ដោយអ្នកខ្លះកាន់ទង់ឥន្ទធនូ និងទង់ជាតិប៉ាឡេស្ទីន នៅក្នុងការហែក្បួនតវ៉ាប្រឆាំងនឹងលោក វីលឌឺស និងគណបក្សសេរីភាព (PVV) របស់លោក។ ខណៈភាពតានតឹងកើឡើង នគរបាលបានបំបែកហ្វូងបាតុករ ចេញពីក្រុមអ្នកតវ៉ាប្រឆាំងក្រុមបាតុករទាំងនោះ។

ប្រជាជនម៉ូស្លីម មានចំនួនប្រហែល ៥% នៃប្រជាជនហូឡង់ ដែលមានចំនួនជិត ១៨ លាននាក់។ ពលរដ្ឋមួយចំនួននៅប្រទេសហូឡង់ គិតថាប្រព័ន្ធរដ្ឋាភិបាលចម្រុះរបស់ហូឡង់មួយនេះ គឺមានន័យថា លោក វីលឌឺស នឹងត្រូវសម្របសម្រួលលើទស្សនៈជ្រុលនិយមបំផុតរបស់ខ្លួន ខណៈក្រុមអ្នកវិភាគនយោបាយក៏បានព្យាករណ៍បែបនោះផងដែរ៕