យានចម្លងដំណាក់កាលមួយក្នុងចំណោមយានដំណាក់កាលផ្សេងទៀតនៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានផ្ទុះបន្ទាប់ពីការបំបែកខ្លួនកាលពីថ្ងៃអង្គារ នេះបើតាមវីដេអូដែលថតបានដោយក្រុមសង្កេតការណ៍តារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងអ្វីដែលក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា អាចជាការបំផ្លិចបំផ្លាញដោយចេតនាដើម្បីការពារការស្ដារឡើងវិញ។

ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ុនប៉ងចំនួនពីរលើកកាលពីមុនក្នុងឆ្នាំនេះ បានបរាជ័យដោយយានទាំងនោះបានធ្លាក់ក្នុងអំឡុងពេលហោះហើរ។

វីដេអូនេះត្រូវបានថតដោយកាមេរ៉ាដែលសាកលវិទ្យាល័យ យ៉ុនសៃ (Yonsei) របស់កូរ៉េខាងត្បូង ប្រើសម្រាប់មើលអាចម៍ផ្កាយ។ ក្រុមអ្នកវិភាគបាននិយាយថា វាបង្ហាញពីរ៉ូកែតឈ្មោះ ចុលលីម៉ា-១ (Chollima-1) ហោះកាត់មេឃ ហើយយានដំណាក់កាលមួយបានបំបែកខ្លួន។ បន្ទាប់មក យានដំណាក់កាលជាន់ក្រោមបានធ្លាក់ទៅឆ្ងាយមួយសន្ទុះ មុនពេលផ្ទុះឡើងមួយរំពេច និងបែកជាកំទេចកំទី។
លោក ម៉ាកូ ឡាងប្រូក (Marco Langbroek) អ្នកជំនាញផ្កាយរណបនៅសកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យាក្នុងប្រទេសហូឡង់ ដែលហ្វ (Delft) បាននិយាយ គេមិនអាចប្រាប់ឱ្យប្រាកដបានទេថា តើការផ្ទុះនោះជាចេតនា ឬជាឧបទ្ទវហេតុ ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា ខ្លួនបានប្រើយន្តការបំផ្លិចបំផ្លាញដោយខ្លួនឯង អំឡុងពេលការបាញ់បង្ហោះចុងក្រោយរបស់ខ្លួនកាលពីខែសីហា ជាវិធានការសុវត្ថិភាព បន្ទាប់ពីយាននោះបានបរាជ័យ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា យោធាកូរ៉េខាងត្បូងកំពុងស្វែងរក និងស្រង់យកកំទេចកំទីពីរ៉ូកែតដែលបានផ្ទុះនោះ។ ក្រុមអ្នកជំនាញបាននិយាយថា ការយកមកវិញនូវផ្នែកនៃយានដែលផ្ទុះនេះ អាចផ្តល់នូវការស៊ើបការណ៍ដ៏មានតម្លៃលើសមត្ថភាព និងសមាសធាតុរបស់វា ខណៈកូរ៉េខាងត្បូង បានចោទប្រកាន់រុស្ស៊ី ថាបានផ្តល់ជំនួយបច្ចេកទេសដល់កូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះចុងក្រោយនេះ៕