លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) មេដឹកនាំក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅប្រទេស កាតា មានការចរចាដ៏តឹងតែងពីទំនាក់ទំនងការទូតអន្តរជាតិរបស់ក្រុមប៉ាឡេស្ទីន ខណៈដែលសង្រ្គាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ជាកន្លែងដែលផ្ទះគ្រួសាររបស់ខ្លួន ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងខែវិច្ឆិកានេះ។

ដោយត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់របស់ក្រុមសកម្មប្រយុទ្ធក្នុងឆ្នាំ ២០១៧ លោកបានផ្លាស់ទីលំនៅនៅចន្លោះប្រទេសទួរគី និងរដ្ឋធានីដូហារបស់ប្រទេសកាតា ដោយគេចចេញពីការរឹតបន្តឹងការធ្វើដំណើរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបិទ និងអាចធ្វើឲ្យលោកដើរតួជាអ្នកចរចា ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ ឬនិយាយជាមួយអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហាម៉ាស។ .

លោកហានីយ៉េ បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ភ្លាមៗ បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាដែលបានសម្លាប់មនុស្ស១.២០០នាក់់ និងចាប់មនុស្សជាង២០០នាក់ ជាចំណាប់ថ្នូរថា៖«កិច្ចព្រមព្រៀងទាំងអស់នៃការធ្វើឲ្យមានប្រក្រីភាពទំនាក់ទំនងដែលអ្នក(រដ្ឋអារ៉ាប់) បានចុះហត្ថលេខាជាមួយ (អ៊ីស្រាអែល) នឹងមិនអាចបញ្ចប់ជម្លោះនេះទេ»។
ការឆ្លើយតបរបស់អ៊ីស្រាអែល គឺជាយុទ្ធនាការយោធាដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាង ១៤.000នាក់ នៅក្នុងតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ។ គ្រួសាររបស់ខ្លួន បាននិយាយថា ចៅពីរនាក់របស់លោកហានីយ៉េ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។