នាយកប្រតិបត្តិរបស់ខ្លួន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវសិទ្ធិមនុស្ស (CARDH) របស់ប្រទេសហៃទី កំពុងផ្អាកការងាររបស់ខ្លួន ជាបណ្ដោះអាសន្ន ដោយសារតែគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះបុគ្គលិករបស់ខ្លួន ខណៈដែលសង្រ្គាមក្រុមជនអន្ធពាល កើនឡើងនៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង។

លោក Gedeon Jean ដែលដឹកនាំប្រតិបត្តិការមានមនុស្ស ១៦នាក់ បាននិយាយថា សហសេវិកដែលត្រូវបានចាប់ជំរិតកាលពីថ្ងៃទី២៩ ខែតុលា និងត្រូវបានដោះលែង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានព្រមានថា ក្រុមដែលចាប់ពង្រត់គាត់ កំពុងផ្តោតលើអង្គការ ដែលការងាររបស់ខ្លួនគឺ «រំខាន»ដល់វិស័យជាក់លាក់មួយចំនួន ។

លោកJean បាននិយាយថា៖«គាត់ បានបញ្ជាក់ថា ខ្ញុំត្រូវបានកំណត់គោលដៅដោយផ្ទាល់ពីក្រុមចាប់ ជំរិត។
«របាយការណ៍ និងការវិភាគរបស់ CARDH បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងឧក្រិដ្ឋកម្ម នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសហៃទី ដោយផ្តោតការយកចិត្តទុកដាក់លើ «ចៅហ្វាយនាយ» ពិតប្រាកដនៃឧស្សាហកម្មឧក្រិដ្ឋកម្ម ដែលមិនមែនជាមេដឹកនាំក្រុមជនអន្ធពាល។
សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងពាណិជ្ជករមួយចំនួនដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់ហិរញ្ញវត្ថុដល់ក្រុមអន្ធពាល។