អ្នកឆ្លងជំងឺផ្ដាសាយបក្សីមួយករណីទៀត កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពដដែលបានរម្លឹកឱ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀត។ ករណីនេះ បានកើតមានលើស្ត្រីអាយុ ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សីប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកធ្លាក់ខ្លួនឈឺដោយជំងឺផ្ដាសាយបក្សីរូបនេះ មានទីលំនៅស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
ប្រភពពីក្រសួងសុខភិបាលដដែលបានឱ្យដឹងទៀតថា តាមការសាកសួរបានឱ្យដឹងថា ប្រហែលមួយសប្តាហ៍មុន មានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិកើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមានរោគសញ្ញាផ្លូវដង្ហើម ក្នុងនោះ មានដូចជា គ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក។ ដោយហេតុនេះហើយ ទើបក្រុមគ្រួសារបញ្ជូនអ្នកជំងឺមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវលើករណីនេះ និងធ្វើការងារទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ព្រមទាំងបន្តស្វែ ងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍។ ស្ថាប័ នជំនាញក៏បានចែកជូនឱសថ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។
ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 នេះជានិច្ច ពីព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋជាដដែល។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬ មានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សម្នាច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលជំងឺពីគ្រូពេទ្យជំនាញ។
ក្រសួងក៏បានស្នើសាធារណជន ស្វែងយល់ព័ត៌មានបន្ថែមតាមរយៈឆាណែលតេឡេក្រាម និងហ្វេសប៊ុករបស់ក្រសួង ក៏ដូចជាហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ផងដែរ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទរបស់ក្រសួងដែលមានលេខ ១១៥ ដោយឥតគិតថ្លៃ ឬ តាមរយៈលេខ ០១២ ៤៨៨ ៩៨១/០១២ ៨៣៦ ៨៦៨ ក៏បាន៕ ដោយ៖ គង់ ឌិន

