ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ដែលមានចំនួន ៥ជំពូក ១៤មាត្រា ដោយឥតកែប្រែចំនួនក្នុងសំឡេង ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សាសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏ដូចជាការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។

សេចក្តីព្រាងច្បាប់នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ។ ថវិកានេះ ត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាន នៃការអនុវត្ត “គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា” ដោយផ្តោតការយកចិត្តទុកដាក់ ពិសេសលើមនុស្ស និងលើសមត្ថភាពស្ថាប័ន គឺការកែ-ទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល លើប្រសិទ្ធភាព និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ហើយអាចប្រសិទ្ធនាមបានថា “ជាថវិកាយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងទ្រទ្រង់ ដំណើរវិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរ-ភាព ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ក្នុងកិច្ចប្រជុំនេះ ព្រឹទ្ធសភាក៏បានពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មាន៣មាត្រា ដែលបង្កើតឡើងក្នុងគោលបំណង ជាអាទិភាពជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ អនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ។

កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម និងការ វិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសនឹងជំរុញការស្តារឡើងវិញ បានឆាប់រហ័សនូវសេដ្ឋកិច្ចជាតិ របស់ប្រទេសទាំងពីរ ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ជាមួយនេះ ព្រឹទ្ធសភា បានក៏ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ មាន៣ជំពូក ២២មាត្រា៕ អត្ថបទ៖ បាន សុខរិទ្ធិ
