ការពិភាក្សារវាងគណបក្សប្រឆាំងសំខាន់ពីររបស់កោះតៃវ៉ាន់ ស្តីពីការបង្កើតសំណើបេក្ខជនមេដឹកនាំរួមគ្នាមួយ បានធ្លាក់ក្នុងភាពតានតឹងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដែលក្នុងនោះបណ្ដាមេដឹកនាំគណបក្ស បានឈ្លោះប្រកែកគ្នានិងបង្ហាញពីការសន្ទនាឯកជនដ៏រសើប។

គណបក្សប្រឆាំងគូមីនតាំង (KMT) និងគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលបក្សទាំងពីរកំពុងធ្វើយុទ្ធនាការដើម្បីបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយប្រទេសចិន កាលពីមុនបានយល់ព្រមធ្វើការជាមួយគ្នាប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ប៉ុន្តែមិនមានការរីកចម្រើនលើផែនការសម្រាប់ការរួបរួមលើសំណើបេក្ខជនមេដឹកនាំទេ។

នៅក្នុងគ្រាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍នៃកិច្ចពិភាក្សា បេក្ខជនមេដឹកនាំនៃបក្សគូមីនតាំង លោក ហួរ យុអ៊ីស (Hou Yu-ih) បានអានសារឯកជនមួយពីបេក្ខជនរបស់បក្សប្រជាជនតៃវ៉ាន់ លោក កូ វ៉ិនជេ (Ko Wen-je) ដែលក្នុងនោះលោក កូ បាននិយាយថា លោក ធឺរី ហ្គូវ (Terry Gou) ដែលជាអ្នកនយោបាយឯករាជ្យ ប៉ុន្តែមិនបានចុះឈ្មោះបេក្ខភាពមេដឹកនាំ ត្រូវតែស្វែងរកហេតុផលមួយដើម្បីបោះបង់ការប្រជែងតំណែងមេដឹកនាំកោះតៃវ៉ាន់។
ការប៉ះទង្គិចដ៏តានតឹងនេះបានកើតឡើងតិចជាងមួយថ្ងៃ មុនពេលដែលបក្សប្រឆាំងមួយនេះត្រូវចុះឈ្មោះបេក្ខជនមេដឹកនាំរបស់ខ្លួនជាមួយគណៈកម្មការរៀបចំការបោះឆ្នោតមុនការបោះឆ្នោតថ្ងៃទី ១៣ ខែមករា ដែលកំពុងកើតឡើងនៅពេលដែលប្រទេសចិន បង្កើនសម្ពាធយោធារបស់ខ្លួនដើម្បីព្យាយាម និងបង្ខំកោះនេះឱ្យទទួលយកការទាមទារសិទ្ធអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕