មន្ត្រីមួយរូបបាននិយាយនៅថ្ងៃសុក្រ ទី២៤ខែវិច្ឆិកានេះថា ក្ដីសង្ឃឹមសម្រាប់ការជួយសង្រ្គោះកម្មករចំនួន៤១នាក់ ដែលបានជាប់ខ្លួនក្នុងផ្លូវហាយវ៉េក្រោមដីក្នុងតំបន់ភ្នំហិម៉ាល័យរបស់ប្រទេសឥណ្ឌា រយៈពេលជិត២សប្ដាហ៍ ត្រូវបានរាំងស្ទះដោយសារបញ្ហាឧបករណ៍ខួង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទៅឲ្យដល់ក្រុមកម្មករទាំងនោះគួរតែបន្តក្នុងពេលឆាប់ៗ។

ក្រុមបុរស ដែលជាកម្មករសំណង់ទទួលបានប្រាក់កម្រៃទាប ត្រូវបានជាប់នៅក្នុងផ្លូវក្រោមដីចម្ងាយ៤,៥គីឡូម៉ែត្រក្នុងរដ្ឋអ៊ុតារៈខណ្ឌ ចាប់តាំងពីចាប់ផ្ដើមពុះកាត់ភ្នំកាលពីព្រឹកថ្ងៃទី១២ខែ វិច្ឆិកាមក ។ ក្រមអាជ្ញាធរ បាននិយាយថា កម្មករទាំងនោះមានសុវត្ថិភាពទេ ដោយពួកគេទទួលបានថាមពលអគ្គិសនី អ៊ុកស៊ីសែន អាហារ ទឹក និងថ្នាំពេទ្យជាដើម។

ការប៉ុនប៉ងនាំពួកគេចេញដោយការខួងតាមកម្ទេចថ្ម ថ្មភ្នំ និងលោកហៈដែក និងកំពុងបុកចូលតាមរយៈបំពង់ដែក ត្រូវបានជួបឧបសគ្គដោយដំណើរការម៉ាស៊ីនខួងខូច ។
លោក ឌីផាក ផាទីល(Deepak Patil) ដែលកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះនោះបានប្រាប់សារព័ត៌មាន Reuters ថាដើមឡើយក្រុមអ្នកជួយសង្រ្គោះសង្ឃឹមថានឹងបញ្ចប់ការខួងនៅត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី២៣វិច្ឆិកា ប៉ុន្តែត្រូវពន្យាពេលបន្ទាប់ពីដងលើម៉ាស៊ីនខួង ត្រូវការជួសជុល ព្រោះតែខូច និងចាំការជួសជុលជាចាំបាច់ ។

លោកនិយាយថា គំនរកម្ទេចថ្មចុងក្រោយជម្រៅ១០ម៉ែត្រ នៃជម្រៅសរុបប្រមាណ៦០ម៉ែត្រ នៅពុំទាន់បានខួងនៅឡើយ ហើយការងារនេះ នឹងត្រូវបន្ត នៅពេលម៉ាស៊ីនខួងជួសជុលរួចរាល់៕