អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ចុះឃ្លាំមើលនៅផ្សារចំនួន៣ ក្នុងរាជធានីភ្នំពេញ ដូចជាផ្សារអូឡាំពិក ផ្សារអូឬស្សី និងផ្សារកណ្តាល ដើម្បីបង្កើនសុវត្ថិភាពចំណីម្ហូបអាហារ ក្នុងឱកាសបុណ្យអុំទូក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្នុងគោលដៅធ្វើយ៉ាងណាឲ្យម្ហូបអាហារទាំងអស់មានសុវត្ថិភាព មិនបង្ករគ្រោះថ្នាក់ដល់អ្នកបរិភោគ។

ក្នុងឱកាសចុះត្រួតពិនិត្យទំនិញនានា លោក ហេង មាលី ប្រធានសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា សម្រាប់ការងារនេះ មន្រ្តី ក.ប.ប រាជធានី ខេត្ត តែងតែចុះត្រួតពិនិត្យជាប្រចាំ ចំពោះទំនិញគ្រប់ប្រភេទដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មម្ហូបអាហារនៅគោលដៅផ្សេងៗគ្នា ដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់ជាដើម។

លោក ហេង ម៉ាលី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សូមប្រុងប្រយ័ត្ន មុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃសូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់។

ក្នុងប្រតិបត្តិការខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រី ក.ប.ប ដែលតែងតែចុះពន្យល់ណែនាំ ត្រួតពិនិត្យទំនិញផ្សេងៗ និងរកសារធាតគីមីជាដើម ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដើម្បីចូលរួមថែរក្សាសុវត្ថិភាពចំណីអាហារដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ មន្រ្ដី ក.ប.ប នឹងបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាប់ជាប្រចាំនៅតាមទីតាំងស្ដង់លក់នានាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




