រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគី លោក ហ្វារេតទីន ខូកា (Fahrettin Koca) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា ប្រទេសទួរគី គ្រោងនឹងជម្លៀសកុមារ និងមនុស្សវ័យក្មេងនៅតំបន់ហ្កាហ្សា ដែលរងរបួស ឬមានជំងឺមួយចំនួននៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដែលជាផ្នែកមួយនៃការជម្លៀសជុំទីបីរបស់ខ្លួន។

មកទល់ពេលនេះ ប្រទេសទួរគីបាននាំយកមនុស្សចំនួន ១៥០ នាក់ ដែលភាគច្រើនជាអ្នកជំងឺមហារីក និងអ្នកផ្សេងទៀត មកពីតំបន់ហ្កាហ្សា ដើម្បីបន្តការព្យាបាលរបស់ពួកគេ។ ប្រទេសនេះក៏បានជម្លៀសប្រជាជនទួរគី ជនជាតិទួរគីសញ្ជាតិស៊ីប និងសាច់ញាតិរបស់ពួកគេជាង ១០០ នាក់ផងដែរក្នុងសប្តាហ៍នេះ។

ថ្លែងនៅឯអាកាសយានដ្ឋាន អេសេនបូហ្កា (Esenboga) ទីក្រុងអង់ការ៉ា លោក ខូកា បាននិយាយថា កុមារហ្កាហ្សាបីនាក់ ដែលមានជំងឺត្រូវបាននាំយកទៅប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា កុមារទាំងនោះដែលរួមមានក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ព្រមទាំងក្មេងស្រីពីរនាក់ អាយុ ៩ឆ្នាំ និង ១០ឆ្នាំ នឹងទទួលការព្យាបាលនៅប្រទេសទួរគី។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការជម្លៀសជុំទី ៣ ដែលមានក្រុមមនុស្សចំនួន ៥០ នាក់ត្រូវបានពន្យារពេលដោយសារបញ្ហាទាក់ទងនឹងការអនុញ្ញាតឱ្យដោះលែងពួកគេ ប៉ុន្តែបានបន្ថែមថាបញ្ហាទាំងនោះឥឡូវនេះត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ ហើយក្រុមមន្ត្រីកំពុងធ្វើការដើម្បីបញ្ចប់ការរៀបចំនេះ៕