ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារតាមប្រព័ន្ធឌីជីថល។
ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ ដែលពិធីនៅបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត លោកជំទាវ ចម និម្មល និងឯកឧត្តម ហួត ហាក់។

អនុស្សរណៈនេះផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច ។

ពិធីចុះហត្ថនេះ គឺជាលើកទី៧ ហើយ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលមកដល់ពេលនេះ មានក្រសួងនិងគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៨ ហើយដែលបានចូលរួមជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រខាងលើ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា




