វីដេអូដែលត្រូវបានថតនៅក្នុងមន្ទីរពេទ្យ Al Shifa បង្ហាញពីមនុស្សជាច្រើនកំពុងជីក ជាអ្វីដែលគេនិយាយថាជាផ្នូរធំរួមមួយនៅក្នុងទីធ្លាមន្ទីរពេទ្យ។
នៅពេលនេះ ក្រុមវេជ្ជបណ្ឌិតកំពុងរៀបចំជីកផ្នូរធំរួមសម្រាប់បញ្ចុះជនរងគ្រោះដែលបានស្លាប់ទាំងអស់។ មានចាប់ពីវេជ្ជបណ្ឌិត ដល់ប្រជាជននិងសមាជិកគ្រួសារជនរងគ្រោះ ពួកគេទាំងអស់គ្នាកំពុងព្យាយាមជីកដីនៅទីតាំងនោះ។ ទីតាំងនៃការដ្ឋានជីក ត្រូវបានផ្ទៀងផ្ទាត់ថាស្ថិតនៅក្នុងបរិវេណដីមន្ទីរពេទ្យ ខណៈអគារ និងផ្លូវ ត្រូវគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណប។

ប្រជាជនបានចាប់ផ្តើមជីកផ្នូរធំរួម នៅខាងក្នុងបរិវេណ ដើម្បីបញ្ចុះសាកសពអ្នកជំងឺប្រហែល ១០០ នាក់ ដែលកំពុងមានសភាពស្អុយរលួយ។ លោកវេជ្ជបណ្ឌិត Ahmed Al Mokhallalati គ្រូពេទ្យផ្នែកវះកាត់ និងអ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដាច់ដោយឡែកពីក្នុងបរិវេណនោះថា សាកសពជាង ១០០នាក់ បានប្រមូលជាគំនរនៅទីនោះ បង្កើតឱ្យមានវិបត្តិអនាម័យធ្ងន់ធ្ងរ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមវាយតម្លៃមនុស្សធម៌ បានទៅពិនិត្យមន្ទីរពេទ្យ Al Shifa នៅភាគខាងជើងតំបន់ហ្កាហ្សា និងបានឃើញសញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើង ក្នុងអ្វីដែលត្រូវបានចាត់ទុកថាជា «តំបន់មរណៈ»។
សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកនិយាយថា «សញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើងគឺជាភស្តុតាង»។ ក្រុមការងារបានឃើញផ្នូរធំរួមមួយនៅច្រកចូលមន្ទីរពេទ្យ ហើយត្រូវបានគេប្រាប់ថាមនុស្សជាង ៨០ នាក់ត្រូវបានកប់នៅទីនេះ។