នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា មានភាពយឺតយ៉ាវក្នុងការចូលរួមក្នុងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា ដោយបាននិយាយថា បុគ្គលិកផ្តល់ជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិ ពុំបានចូលទៅក្នុង «តំបន់សុវត្ថិភាព» ដែលបានរៀបចំសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននោះទេ។

លោក Netanyahu បាននិយាយនៅក្នុងអំឡុងពេលជំនួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នៅទីក្រុងហ្សេរុយសាឡឹមថា អ៊ីស្រាអែលកំពុងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈក្រុមហាម៉ាស់ កំពុងធ្វើប្រតិបត្តិការពីខាងក្នុងទីតាំងជនស៊ីវិល និងអង្គការសហប្រជាជាតិ ដោយប្រើប្រាស់ប្រជាជនជាខែលការពារខ្លួន។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបង្ហាញភស្តុតាងថា មន្ទីរពេទ្យ Al Shifa នៅតំបន់ហ្កាហ្សា ត្រូវបានប្រើជាមជ្ឈមណ្ឌលទីបញ្ជាការ និងជាមជ្ឈមណ្ឌលគ្រប់គ្រងសម្រាប់ចលនាឥស្លាមនិយមហាម៉ាស។