យោងតាមអង្គភាពសារពើភ័ណ្ឌរបស់រដ្ឋាភិបាលថ្មី បានចេញផ្សាយថា ប្រទេសប៉េរូ បានបាត់បង់ផ្ទាំងទឹកកកត្រូពិចរបស់ខ្លួន៥៦ភាគរយ ក្នុងរយៈពេល ៦ ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែបម្រែបម្រួលអាកាសធាតុ ។

វិទ្យាស្ថានជាតិស្រាវជ្រាវផ្ទាំងទឹកកកតំបន់ភ្នំ និងប្រព័ន្ធអេកូបរិស្ថាន បាននិយាយថា ប្រទេសប៉េរូ មានផ្ទាំងទឹកកកត្រូពិច៦៨ភាគរយនៅលើពិភពលោក ហើយសីតុណ្ហភាពឡើងកម្តៅ បានបណ្តាលឲ្យមានការរលាយផ្ទាំងទឹកកក និងការបង្កើតបឹងទឹកប្រៃតំបន់ភ្នំថ្មី ដែលបង្កហានិភ័យដល់ការពេញហៀរ និងទឹកជំនន់។
របាយការណ៍នេះ បានប្រើប្រាស់រូបភាពពីផ្កាយរណបរហូតដល់ឆ្នាំ ២០២០ និងបានបង្ហាញថា មានផ្ទាំងទឹកកកចំនួន ២.០៨៤ផ្ទាំង គ្របដណ្តប់លើផ្ទៃដី ១.០៥០ គីឡូម៉ែត្រក្រឡា នៅក្នុងប្រទេសប៉េរូ បើប្រៀបធៀបទៅនឹងទឹកកកនិងព្រិលមានទំហំដល់ ២.៣៩៩ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ ១៩៦២។

របាយការណ៍និយាយថា ស្ទើរតែទាំងអស់នៃផ្ទាំងទឹកកកត្រូពិចនៅប្រទេសប៉េរូ មានលើសពី ៦.០០០ ម៉ែត្រ ខាងលើនីវ៉ូទឹកសមុទ្រ ខណៈបឹងទឹកប្រៃថ្មីមានរយៈកម្ពស់ពី ៤.០០០ ទៅ ៥.០០០ ម៉ែត្រ។ របាយការណ៍បានឱ្យដឹងផងដែរថា ប្រជាជនប៉េរូ ជិត ២០លាននាក់ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល ពីទឹកដែលហូរចុះពីផ្ទាំងទឹកកក។