អ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដោយក្រុមសកម្មប្រយុទ្ធនេះ បានគ្រោងនឹងដោះលែងចំណាប់ថ្នូរស្ត្រី និងកុមាររបស់អ៊ីស្រាអែល ចំនួន ១៣នាក់ នៅពេលល្ងាច ហើយអនុញ្ញាតឲ្យជំនួយហូរចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សា ដែលជាការផ្អាកលើកដំបូងនៅក្នុងសង្រ្គាម ដែលមានរយៈពេលជិតប្រាំពីរសប្តាហ៍នេះ។

បទឈប់បាញ់ បានចាប់ផ្តើមនៅម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) ពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សា ហើយត្រូវបន្តដោយការដោះលែងចំណាប់ថ្នូរមួយចំនួន ក្នុងចំណោមមនុស្សជាង ២០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនេះនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមក្រុមអ្នកសម្រុះសម្រួលរបស់ប្រទេសកាតា។

អ្នកទោសប៉ាឡេស្ទីនមួយចំនួន ដែលឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល ត្រូវដោះលែងជាថ្នូរនឹងការដោះលែងអ្នកត្រូវចាប់ខ្លួនមួយចំនួននោះ។

ការប្រយុទ្ធគ្នាបានកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងដែលខិតជិតដល់បទឈប់បាញ់ ដោយក្រុមមន្ត្រីនៅខាងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត៕