អ្នកជំនាញម្នាក់ បានជំរុញឱ្យមានការរួបរួមគ្នាកាន់តែខ្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីប្រយុទ្ធប្រឆាំងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត ធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បុគ្គលិកផ្នែកព័ត៌មានវិទ្យា(IT) នៅជុំវិញពិភពលោកកំពុងជួយរបបនេះលួចរូបីយប័ណ្ណគ្រីបតូ។

អ្នកជំនាញផ្នែកសន្តិសុខ លោក Takeuchi Maiko និយាយថា វាជារឿងសំខាន់សម្រាប់ប្រទេសនានាដែលរងគ្រោះដោយការវាយលុកចូលតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឈររួមគ្នាពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ អតីតសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងនិយាយថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប្រទេសនេះទទួលជោគជ័យ និងបានជួយដល់ការផ្តល់មូលនិធិកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

របាយការណ៍របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលពិនិត្យមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចាប់ពី ខែ មករា ដល់ ខែ កក្កដា បង្ហាញថា ការលួចរូបិយប័ណ្ណគ្រីបតូ បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។
របាយការណ៍នេះនិយាយថា ប្រទេសកូរ៉េខាងជើង បានលួចរូបីយប័ណ្ណគ្រីបតូមានតម្លៃចំនួន ១,៧ពាន់លានដុល្លារពីក្រុមហ៊ុននានានៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២២។ របាយការណ៍ និយាយថា បុគ្គលិកផ្នែកព័ត៌មានវិទ្យា(IT) ដូចជាអ្នកបង្កើតប្រព័ន្ធនៅក្នុងប្រទេសផ្សេងៗ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ហើយមានក្រុមហ៊ុនមួយនៅក្នុងប្រទេសឡាវ កំពុងធ្វើការដើម្បីសម្របសម្រួលអ្នកបច្ចេកទេសបែបនេះ។
បណ្តាញមួយដែលកំពុងគាំទ្រការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ថាកំពុងរាលដាលខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោក Takeuchi និយាយថា ប្រទេសជប៉ុន គួរតែជំរុញឱ្យប្រទេសផ្សេងទៀត ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចូលលួចតាមបែបបច្ចេកវិទ្យានេះ និងសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ផ្សេងទៀត។