រដ្ឋាភិបាលគ្រប់គ្រងដោយយោធារបស់សហភាពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាស្ទើរតែពាក់កណ្តាលនៃរថយន្តដឹកទំនិញជាង ១២០គ្រឿង ដែលជាប់គាំងដោយសារការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅជិតព្រំដែនភាគឦសានជាប់ជាមួយប្រទេសចិន ត្រូវបានភ្លើងឆេះបំផ្លាញដោយសារការទម្លាក់គ្រាប់បែកដោយយានដ្រូនជាច្រើនគ្រឿង ។

លោក ឧត្តមសេនីយ៍ទោ ស មីនទុន (Zaw Min Tun) អ្នកនាំពាក្យក្រុមប្រឹក្សាយោធាកំពុងកាន់អំណាចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរស័ព្ទទៅកាន់ទូរទស្សន៍រដ្ឋ MRTV ថារថយន្តដឹកទំនិញបានចតនៅក្នុងបរិវេណក្បែរតំបន់ពាណិជ្ជកម្មមួយក្នុងទីក្រុងម៉ូសេ(Muse) បានឆេះបន្ទាប់ពីការវាយប្រហារដោយយានដ្រូន របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលបានបើកការវាយប្រហារនៅ ម៉ោងប្រហែល ៩និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣សប្ដាហ៍នេះ។

សកម្មភាពនេះគឺជាផ្នែកមួយនៃការបំផ្លិចបំផ្លាញធំបំផុត ហើយទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិ ដែលមានទំហំធំបំផុតដែរ ចាប់តាំងពីសម្ព័ន្ធភាពភាតរភាពចំនួន៣ នៃកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិ តាអាង (Ta'ang) និងកងទ័ពអារ៉ាកាន់( Arakan) បានបើកការវាយលុកនៅក្នុង ភាគខាងជើងរដ្ឋសាន(Shan) កាលពីថ្ងៃទី ២៧ ខែតុលា។ រថយន្តដឹកទំនិញទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញទៅ មកពីប្រទេសចិន៕
