វ៉ូវីណាម៖ ឯកឧត្ដម អ៊ូ រតនា ប្រធានថ្មីនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តនឹងព្យាយាមស្វែងរកគ្រប់វិធី ដើម្បីជម្នះឧបសគ្គទាំងឡាយ ពិសេសអំឡុងវិបត្តិកូវីដ-១៩ ដើម្បីរក្សាភាពខ្លាំងរបស់កីឡាវ៉ូវីណាម ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីអតីតអគ្គលេខាធិការសហព័ន្ធរូបនេះ ត្រូវបានសមាជិកប្រតិបត្តិសហព័ន្ធបោះឆ្នោតគាំទ្រ ឯកឧត្តមធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាអាណត្តិទី៤ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម អ៊ូ រតនា បានបញ្ជាក់ថា ការទទួលតំណែងប្រធានសហព័ន្ធអំឡុងវិបត្តិកូវីដ-១៩ គឺជាអំរែកមួយ តែលោកប្ដេជ្ញាជម្នះគ្រប់ឧបសគ្គដើម្បីរក្សាសក្ដានុពល និងការអភិវឌ្ឍ ពិសេសពង្រឹងការហ្វឹកហាត់ក្រុមជម្រើសជាតិ ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយលោកប្ដេជ្ញានឹងខំប្រឹងប្រែង ដើម្បីសម្រេចផែនការដណ្ដើមមេដាយជូនជាតិឲ្យបាន។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដែលមានសាមគ្គីផ្ទៃក្នុងល្អ ហើយបានរក្សានូវសក្ដានុពលរបស់សហព័ន្ធ ក្នុងការផលិតធនធានកីឡាករ-កីឡាការិនីរហូតទទួលបានជោគជ័យជាបន្ដបន្ទាប់ ក្នុងការប្រកួតព្រឹត្តិការណ៍អន្ដរជាតិ ពិសេសការប្រកួតជើងឯកពិភពលោក ហើយឯកឧត្តមរំពឹងថា ថ្នាក់ដឹកនាំសហព័ន្ធអាណត្តិថ្មីនឹងបន្ដពួតដៃ ដើម្បីឆ្ពោះទៅរកភាពជោគជ័យថ្មីបន្ថែមទៀត ពិសេសសម្រេចនូវផែនការស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ចំពោះសមាសភាពគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាអាណត្តិទី៤ ក្រៅពីមានឯកឧត្តម អ៊ូ រតនា ជាប្រធានសហព័ន្ធគឺមានអនុប្រធាន ៧រូបទៀត រួមមានឯកឧត្តម សុខ មុនី, ឯកឧត្តម រស់ មនិន្ទៈ, ឯកឧត្តម គិន ឆេងលី, ឯកឧត្តម លី សុធា, ឯកឧត្តម ឡុង សុផាត, លោក សំ សុខយី និង លោក ជា ហុងរី។ រីឯអគ្គលេខាធិការ គឺឯកឧត្តម យ៉ាំ ថៃសាន និងអគ្គលេខាធិការរង ៣រូបមានលោក លាង ណារិទ្ធ, លោក អាំ សុផល និងលោក ម៉ិច សីហា។
ចំណែកអគ្គហេរញ្ញិកគឺលោកស្រី ញឹម ម៉ី និងអគ្គហេរញ្ញិករងលោកស្រី ប៉ុក ករុណា ព្រមទាំងសមាជិក ៥រូបទៀតគឺមានលោក ប៊ូ វីរៈ, លោក គង់ ហួន, លោក កៅ មករា, លោក ទេព ជីវៈសុខុម និងលោក ម៉េង សៅណេង។ គួរបញ្ជាក់ថា នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្ដអាណត្តិទី៤ នេះដែរ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក៏បានធ្វើការចុះកិច្ចសន្យា លើភាពជាដៃគូជាមួយក្រុមហ៊ុនសម្ភារកីឡា NT ដើម្បីរួមចំណែកចូលរួមអភិវឌ្ឍតាមរយៈការឧបត្ថម្ភសម្ភារៈផ្សេងៗដល់សហព័ន្ធ ពិសេសកីឡាករ-កីឡាការិនី ក៏ដូចជាត្រៀមចូលរួមសហការរៀបចំការប្រកួតប្រចាំឆ្នាំមួយ នាពេលខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា