ប៉ាឡែស្ទីន ៖ ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តមានលើសពី ១៦.២០០នាក់ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា មនុស្ស ១៤.៨៥៤នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មក។
នៅតំបន់វេស ប៊ែង មនុស្ស ២២៥នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃពុធ។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០នាក់ បានបាត់បង់ជីវិត។
កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស និងការវាយលុកថ្មើរជើងនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឡើងដោយក្រុមហាម៉ាស។ អ៊ីស្រាអែលបាននិយាយថា ចំណាប់ថ្នូរជាង ២០០នាក់ត្រូវបានចាប់ខ្លួនទៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃពុធ អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាលើកដំបូងដើម្បីអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤ ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយសម្រាប់ក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០នាក់ ពីហ្កាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល៕

