ប្រេស៊ីល ៖ ក្រុមសង្គ្រោះគ្រោះមហន្តរាយពពួកសត្វ (GRAD) បាននិយាយកាលពីថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) ថា ចំហេះនៅតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅភាគខាងលិចប្រទេសប្រេស៊ីល បានសម្លាប់សត្វរាប់រយក្បាល ដែលប៉ះពាល់ដល់តុល្យភាពធម្មជាតិរបស់ជីវសហគមន៍។
ការស្លាប់ភាគច្រើននៃពពួកសត្វ ដែលបានរកឃើញដោយ GRAD គឺជាសត្វល្មូន និងថលជលិកសត្វ (សត្វរស់នៅលើគោកក៏បាន ក្នុងទឹកក៏បាន)។ ចំណែកទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាលប្រេស៊ីល បានរាយការណ៍ថា អណ្ដាតភ្លើងដែលបង្កឡើងដោយសីតុណ្ហភាពឡើងក្ដៅខ្លាំង សំណើមទាប និងបរិមាណសារធាតុសរីរាង្គដ៏ច្រើន ត្រូវគ្រប់គ្រងបាន កាលពីថ្ងៃពុធ (ទី២២ ខែវិច្ឆិកា)។
បើយោងតាមទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវអវកាស Inpe បានឲ្យដឹងថា ចំនួននៃចំហេះនៅតំបន់ Pantanal បានឡើងខ្ពស់បំផុត សម្រាប់ការឆេះប្រចាំខែ គិតចាប់តាំងពីការត្រួតពិនិត្យ ត្រូវបានចាប់ផ្តើមធ្វើក្នុងឆ្នាំ១៩៩៨៕

