អាហ្វាហ្គានីស្ថាន ៖ ស្ថានទូតអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) នេះ បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមាន «បញ្ហាប្រឈមជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា»។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានទេ ទោះបីជាបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្ម ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បំពេញការងារផ្សេងៗ ដូចជាចេញទិដ្ឋាការ និងដោះស្រាយបញ្ហាពាណិជ្ជកម្មក៏ដោយ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន លោក Farid Mamundzay បានប្រាប់ថា ស្ថានទូតអាហ្វហ្គានីស្ថានមានការសោកស្តាយ ក្នុងការប្រកាសបិទបេសកកម្មការទូតរបស់ខ្លួន នៅទីក្រុងញូវដេលី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ «ដោយសារមានបញ្ហាប្រឈមជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា»។
ឥណ្ឌាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលមានបេសកកម្មមួយតូចមួយ នៅទីក្រុងកាប៊ុល ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ជំនួយមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្ត។ ពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០១៩-២០២០ ឡើងដល់ ១.៥ពាន់លានដុល្លារ ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលតាលីបង់ឡើងគ្រប់គ្រងប្រទេស៕

