បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះជើងឯកបាល់ទាត់ទ្វីបអាមេរិកខាងត្បូង Copa America ប្រេស៊ីលបានចាប់ផ្ដើមការប្រកួតដំបូងរបស់ខ្លួនជាមួយនឹងជ័យជំនះ ៣-០ លើវេណេហ្ស៊ុយអេឡាដែលមានកីឡាករពាក់កណ្ដាលឆ្លង Covid-19។

មុនការប្រកួតចាប់ផ្ដើមមួយថ្ងៃ ក្រុមវេណេហ្ស៊ុយអេឡាត្រូវបានគេធ្វើតេស្តរកសមាជិកក្រុម ១២នាក់វិជ្ជមាន Covid-19។ ខ្សែប្រយុទ្ធ Paris Saint Germain, Neymar រកបាន ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ និងបញ្ជូនមួយ ខណៈ Marquinhos និង Gabriel Barbosa រកបានម្នាក់ ១គ្រាប់។ ប្រេស៊ីលគឺជាក្រុមការពារតំណែងជើងឯក Copa America នេះបន្ទាប់ពីឈ្នះជើងឯកកាលពីឆ្នាំ២០១៩ ដែលជាជើងឯកដំបូងក្នុងរយៈពេល ១២ឆ្នាំ។
Copa America ឆ្នាំនេះចែកចេញជា ២ពូលដោយពូល A រួមមាន៖ អាហ្សង់ទីន បូលីវៀ ស៊ីលី ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ ខណៈពូល A នេះនឹងចាប់ផ្ដើមប្រកួតនៅព្រឹកស្អែករួមមាន៖ អាហ្សង់ទីនជួបស៊ីលី និងប៉ារ៉ាហ្កាយជួបបូលីវៀ។ ចំណែកពូល B រួមមាន៖ ប្រេស៊ីល វេណេហ្ស៊ុយអេឡា កូឡុំប៊ី អេក្វាដ័រ និងពែរូ៕
អត្ថបទ៖នាង សុភាវុធ