ស្វីស ៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតStefano Toscano នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្ស ធម៌(GICHD)ដោយភាគីទាំងពីរបានលើកឡើងអំពីទិដ្ឋភាពរួម នៃការអនុវត្តគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី និងបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយសារបញ្ហាកូវីដ និង វិបត្តិសង្គ្រាមនាពេលថ្មីៗនេះ។ បញ្ហាហិរញ្ញវត្ថុនេះ មិនមែនសំដៅត្រឹមតែបញ្ហាកង្វះខាតថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់បញ្ហាការ បែងចែកថវិកាទៅកាន់តំបន់ដែលទាក់ទាញ និងចាំបាច់ខ្លាំង ដូចជាអ៊ុយក្រែនជាដើម។
ជំនួបនេះធ្វើឡើងនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី លីធុជ បានថ្លែងអំណរគុណដល់ GICHD សម្រាប់ជំនួយដល់នៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការកសាងសមត្ថភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន(Informa tion Management System) និងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ (Management of Residual Threat) ដែលក្រុមការងារបច្ចេកទេសរវាងភាគីទាំង២ កំពុងពិភាក្សាលើយុទ្ធសាស្រ្ត និងការរៀបចំទស្សនកិច្ចសិក្សា។
ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថាកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចសំខាន់ៗមួយ ចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជន រងគ្រោះថ្នាក់ដោយសារមីន។ កម្ពុជាសង្កត់ធ្ងន់លើអាទិភាពសកលភាវូបនីយកម្ម ដែលកម្ពុជាមានគម្រោងអនុវត្តតាម រយៈការប្រើប្រាស់យន្តការសភា ក្រសួងការបរទេស និងតាមរយៈកម្រិតបច្ចេកទេសសកម្មភាពមីន។
ឯកអគ្គរដ្ឋទូត Stefano Toscano បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ជាពិសេ សការគាំទ្រក្នុងការរៀបចំផែនការសកម្មភាព ជាពិសេសពាក់ព័ន្ធនឹងការរៀបចំ Monitoring Framework ដែលជាចំណុចសំខាន់ និងបញ្ហាប្រឈមនាពេលកន្លងមក។ ជាមួយគ្នានេះ GICHD បានបញ្ជាក់ពីគោលជំហរក្នុងការបន្តគាំទ្រ Sponsorship ដល់ប្រទេសជារដ្ឋភាគី និងមិន មែនរដ្ឋភាគី ក្នុងការចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា របស់គណៈប្រតិភូប្រទេសដែលមានការខ្វះខាត៕ អត្ថបទ ៖ ភារម្យ





