ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម សិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដោយមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ បណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ, លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និង សមាជិកក្រុមការងារពាក់ព័ន្ធ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីរវាងសមាគម អ.ម.ត និងសមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។
ជាកិច្ចចាប់ផ្ដើមលោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលឆ្លៀតពេលវាលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាក្នុងថ្ងៃនេះ។ លោកក៏បានស្វាគមន៍យ៉ាងកក់ក្ដៅគណៈប្រតិភូនៃសាកលវិទ្យាល័យអានហ៊ួយដែលបានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាតនាពេលនេះ។ លោកបានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលមានឱកាសជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងអស់នៅរាជធានីភ្នំពេញនៅថ្ងៃនេះ។
លោកបានថ្លែងថា ឆ្នាំនេះ គឺជាខួប ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងចិន និងកម្ពុជា និងជាឆ្នាំមិត្តភាពចិន និងកម្ពុជាផងដែរ។ លោកបន្តថា មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាជាទំនាក់ទំនងដែលមានរយៈកាលយូរអង្វែងមួយ ហើយបានឆ្លងកាត់ការដកពិសោធន៍ជាប្រវត្តិសាស្រ្ដ និងរីកចម្រើនឡើងយ៉ាងរឹងមាំដែលមិនអាចបំបែកបាន។
លោកបន្តថា ក្រោមបរិយាកាសល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ដែលបានរស់នៅកម្ពុជាជាយូរមកហើយនោះ ក៏បានចូលរួមចំណែកនូវគ្រប់កោសិកានៃការអភិវឌ្ឍនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិរបស់កម្ពុជា។ ក្នុងនាមជាតំណាងអចិន្រ្ដៃយ៍របស់សហគ្រិន អានហ៊ួយនៅកម្ពុជា សមាគមពាណិជ្ជកម្មខេត្ត អានហ៊ួយនៅកម្ពុជា បានចាត់ទុកខ្លួនឯងជាចំណែកមួយនៃប្រទេសកម្ពុជាផងដែរ។
លោកសាស្រ្តាចារ្យ បណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ បានថ្លែងថាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ នៅថ្ងៃនេះ សមាគម សិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត), សមាគមពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា និង សាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិនសម្រេចបានការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងត្រីភាគី ស្ដីពីការបណ្ដុះបណ្ដាលនិស្សិតកម្ពុជានៅ សាកលវិទ្យាល័យអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។
តាមនាមថ្នាក់ដឹកនាំ និងសាកលវិទ្យាល័យអានហ៊ួយ លោកសាស្រ្តាចារ្យ សាកលវិទ្យាធិការ បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យដែលសម្រេចបានពីពិធីចុះហត្ថលេខានៅថ្ងៃនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគម អ.ម.ត ក៏ដូចជាសមាគមពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងដើម្បីលទ្ធផលនៃកិច្ចសហប្រតិបត្តិការមួយនេះ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណសមាគមអានហ៊ួយ ដែលបានផ្តល់ អាហារូបករណ៍ជូននិស្សិតកម្ពុជាតាមរយៈសមាគម អ.ម.ត និង តែងតែសម្រួបសម្រួលលើការសិក្សា និងការរស់នៅរបស់និស្សិត អ.ម.ត បានយ៉ាងល្អ និងដោយការយកចិត្តទុកដាក់។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមការងារ អ.ម.ត ចិន ដែលជាសេនាធិការរបស់សមាគម លើការងារគ្រប់ គ្រងនិស្សិត អ.ម.ត ដែលសិក្សានៅក្រៅប្រទេស និងបានធ្វើកិច្ចសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ និងអង្គការផ្សេងៗ ដើម្បីបន្តពង្រីកវិសាលភាពអាហារូបករណ៍។
ឆ្លៀតឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានស្នើឲ្យសមាគមអានហ៊ួយនៅកម្ពុជា សហការជាមួយក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យាស័យអានហ៊ួយ ធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិតនៅដំណាក់កាលបន្ទាប់ សម្រេចទៅតាមផែនការដែលបានគ្រោងទុក និង សង្ឃឹមថា និស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សា នឹងទទួលបានការយកចិត្តទុកដាក់និងផ្តល់ឱកាសពីសាកលវិទ្យាល័យ។
គួរបញ្ជាក់ផងដែរថា សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់យុវជនសិស្ស-និស្សិតកម្ពុជា ក្នុងក្របខណ្ឌក្នុងប្រទេស គិតពីឆ្នាំ២០០៨ ដល់២០២២ ប្រមាណ ២៩,៣៩៩ នាក់ ហើយក្នុងឆ្នាំ២០២៣ នឹងមានការផ្តល់ជូនអាហារូបករណ៍បន្ថែម ៣,៩២៩កន្លែង ទៀត។ ដោយឡែក ចាប់ពីឆ្នាំ២០១១ ក្នុងក្របខណ្ឌក្រៅប្រទេស សមាគម អ.ម.ត បានសម្របសម្រួលឲ្យនិស្សិតបានទៅសិក្សាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៨៦ នាក់ ក្នុងនោះមានសិស្ស-និស្សិត ៣៨នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។
តាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលនេះ សមាគម អ.ម.ត ដែលមានក្រុមការងារ អ.ម.ត ចិនជាសេនាធិការ នឹងធ្វើការជ្រើសរើសនិស្សិដែលមានគុណវុឌ្ឍិស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ នៅដំណាក់កាលបន្តបន្ទាប់។ សមាគម អ.ម.ត រំពឹងថានឹងមាននិស្សិតកម្ពុជាកាន់តែច្រើនបានទៅសិក្សា និងក្រេបយកចំណេះដឹងប្រកបដោយស្តង់ដារខ្ពស់នៅសកលវិទ្យាល័យអានហ៊ួយ៕ ដោយ ៖ ដារា