តៃវ់ាន់ ៖ មហាសេដ្ឋីលោក Terry Gou ដែលជាស្ថាបនិករបស់ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) នេះ បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងជាមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ បន្ទាប់ពីមានការបែកបាក់នៃកិច្ចពិភាក្សារបស់គណបក្សប្រឆាំង ក្នុងការជ្រើសរើសមេដឹកនាំរួម ដើម្បីទៅប្រជែងទល់នឹងគណបក្សកាន់អំណាច។
លោក Gou បានប្រកាសពីការប៉ុនប៉ងរបស់លោក កាលពីខែសីហា ដោយនិយាយថា លោកចង់បង្រួបបង្រួមក្រុមប្រឆាំង ហើយធានាថា កោះនេះមិនក្លាយជា «អ៊ុយក្រែនបន្ទាប់» ដោយបន្ទោសគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច ក្នុងការនាំយកកោះតៃវ៉ាន់ទៅកាន់មាត់ជ្រោះនៃសង្រ្គាម ដោយការប្រឆាំងជាមួយប្រទេសចិន ដែលអះអាងថា កោះនេះជាចំណែកនៃទឹកដីរបស់ខ្លួន។
លោក Gou ដែលទើបតែទទួលបានការអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោត កាលពីសប្តាហ៍មុន បន្ទាប់ពីប្រមូលបានហត្ថលេខាស្របច្បាប់គ្រប់គ្រាន់ ដើម្បីបានឈរឈ្មោះ ក្នុងនាមជាបេក្ខជនឯករាជ្យនោះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកកំពុង «ដកខ្លួនចេញ ប៉ុន្តែមិនមែនជាស្មារតីរបស់លោកទេ»។
យ៉ាងណាក្ដី លោកមិនបានបញ្ជាក់ពីអ្វី ដែលលោកនឹងធ្វើនាពេលបន្ទាប់ នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសមេដឹកនាំនេះ ឬពីអ្នកណា ដែលលោកអាចនឹងគាំទ្រ ពោលគឺថា តើលោក Hou Yu-ih មកពីគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺ Kuomintang (KMT) ឬអតីតអភិបាលក្រុងលោក Taipei Ko Wen-je មកពីគណបក្ស People's Party ( TPP) ដែលមិនសូវជាមានកេរ្តិ៍ឈ្មោះ។
សូមបញ្ជាក់ថា លោក Gou បានព្យាយាមធ្វើជាអ្នកសម្របសម្រួលដល់ការភិភាក្សា រវាងគណបក្ស KMT និង TPP ដើម្បីធ្វើការរួមគ្នាតទល់នឹងគណបក្ស DPP ប៉ុន្តែកិច្ចប្រឹងប្រែងនោះ បានជួបនឹងភាពបរាជ័យ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា) បន្ទាប់ពីមានការបញ្ចេញកំហឹង រវាងមេដឹកនាំមកពីគណបក្សប្រឆាំង នៅចំពោះមុខអ្នកសារព័ត៌មាន ខណៈដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍កោះតៃវ៉ាន់ នៅឯបន្ទប់សន្និសីទ ក្នុងសណ្ឋាគារនៃក្រុងតៃប៉ិ៕

