ថៃ ៖ នៅថ្ងៃសុក្រនេះ ប្រទេសថៃ និយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ និងត្រៀមយន្តហោះរួចជាស្រេច ដើម្បីរង់ចាំទទួលយកចំណាប់ថ្នូរថៃណាម្នាក់ ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ។
កាលពីថ្ងៃពុធកន្លងទៅ អ៊ីស្រាអែល បានប្រកាសពីការផ្អាកសង្រ្គាមបណ្តោះអាសន្ន ជាមួយក្រុមជីវពលហាម៉ាស់ រួមទាំងបទឈប់បាញ់រយៈពេល ៤ថ្ងៃ និងការដោះលែងស្រ្តី និងកុមារ ៥០នាក់ ដែលត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមហាម៉ាស់ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ ពីពន្ធនាគារអ៊ីស្រាអែល ។
ក្រសួងការបរទេសថៃ និយាយថា ពួកគេពុំអាចបញ្ជាក់ព័ត៌មានថា ពលរដ្ឋថៃ ២៣នាក់ នឹងស្ថិតនៅក្នុងចំណោមចំណាប់ថ្នូរដំបូងដែលនឹងត្រូវដោះលែងនោះទេ ។
លោក Parnpree Bahiddhaគឺជារដ្ឋមន្រ្តីការបរទេសថៃ និយាយថា បើសិនជាមានការដោះលែងចំណាប់ថ្នូរថៃ មិនថាឆ្លងកាត់តាមព្រំដែនអ៊ីស្រាអែល ឬព្រំដែនអេហ្ស៊ីបនោះទេ ពួកយើងបានត្រៀមខ្លួនរួចរាល់ ហើយមានយន្តហោះ រួចជាស្រេច រង់ចាំដឹកពួកគេ ។
លោកបន្តថា បើសិនជាការដោះលែងចំណាប់ថ្នូរថៃកើតឡើង ពួកយើងនឹងមានមនុស្សរង់ចាំទទួលពួកគេ នៅពេលណាក៏ដោយ ឲ្យតែពួកគេត្រូវបានដោះលែង ។
សូមបញ្ជាក់ថា ពលរដ្ឋថៃយ៉ាងហោច ២៦នាក់ ស្ថិតនៅក្នុងចំណោមមនុស្សជាង ២៤០នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ពេលដែលក្រុមជីវពលហាម៉ាស់ វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា នៅថ្ងៃស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់ប្រទេសមួយនេះ ។ អ៊ីស្រាអែលនិយាយថា មនុស្សជាង ១.២០០នាក់ ត្រូវសម្លាប់ អំឡុងការវាយឆ្មក់របស់ក្រុមហាម៉ាស់ ក្នុងនោះក៏រួមមានទាំងពលរដ្ឋថៃយ៉ាងហោច ៣៩នាក់ផងដែរ ៕

