
ប្រធានាធិបតីអេហ្ស៊ីប បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយមនុស្សធម៌ប្រហែល ១២. 000 តោនត្រូវបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប តាមរយៈផ្លូវឆ្លងកាត់ Rafah ដែលជាចំណុចតភ្ជាប់តែមួយគត់រវាងប្រទេសអេហ្ស៊ីប និងដែនដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
លោក Abdel-Fattah al-Sisi បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីគាំទ្រដល់ប្រទេសប៉ាឡេស្ទីនដែលធ្វើឡើងនៅពហុកីឡដ្ឋានអន្តរជាតិទីក្រុងគែរ (Cairo International Stadium)ថា៖«ជំនួយសង្គ្រោះជិត ១២.០០០តោន ដែលដឹកជញ្ជូនដោយរថយន្តចំនួន ១.៣០០គ្រឿង ត្រូវបានផ្ទេរទៅតំបន់ហ្កាហ្សាតាមរយៈផ្លូវRafah" ។
លោកបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ El-Arish នៅឧបទី្វបស៊ីណៃ (Sinai) ភាគខាងជើងរបស់ប្រទេសអេហ្ស៊ីប បានទទួលជើងហោះហើរចំនួន ១៥៨ ដែលផ្ទុកដោយសម្ភារៈសង្គ្រោះ ដោយបន្ថែមថា អេហ្ស៊ីប បានបរិច្ចាគ៧០ភាគរយនៃជំនួយសរុប ដែលបានបញ្ជូនទៅតំបន់ហ្កាហ្សា។
ប្រធានាធិបតីអេហ្ស៊ីបរូបនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រេចចិត្តរបស់អេហ្ស៊ីប ក្នុងការរក្សាច្រកព្រំដែន Rafah បើកចំហសម្រាប់ការផ្តល់ស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត និងប្រេងឥន្ធនៈទៅកាន់តំបន់ហ្កាហ្សា និងសម្រាប់ការទទួលអ្នករបួសពីតំបន់ដែលហែកហួរដោយសង្គ្រាមនេះ។