
ប្រទេសចិន នៅថ្ងៃសុក្រ(ទី២៤ ខែវិច្ឆិកា) នេះ បានផ្សព្វផ្សាយនូវឯកសារមួយ ដែលមានចំណងជើងថា «ចក្ខុវិស័យ និងសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ពោលគឺទស្សនវិស័យកាន់តែភ្លឺស្វាង សម្រាប់ទសវត្សរ៍ក្រោយ»។ ឯកសារនេះត្រូវបានរៀបចំបង្កើតឡើងដោយការិយាល័យក្រុមឈានមុខគេ ដើម្បីការលើកកម្ពស់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។
ឯកសារនោះ បានសរសេរថា ក្នុងទស្សវត្សរ៍ក្រោយ គ្រប់ភាគីទាំងអស់នឹងត្រូវបានលើកទឹកចិត្តឲ្យខិតខំឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវទៅកាន់ដំណាក់កាលថ្មីមួយ ដែលកំណត់ដោយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ឯកសារនេះបានបញ្ជាក់នូវគោលបំណងចំនួន៥ ដែលមានដូចជាការកសាងបណ្តាញតភ្ជាប់កាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន ធានាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងជាក់ស្តែង ដើម្បីឈានទៅដល់កម្រិតថ្មី លើកកម្ពស់ការយល់ដឹងនៃការទទួលបាន និងការសម្រេចបាន សម្រាប់ប្រជាជននៃបណ្ដាប្រទេស ដែលចូលរួមទាំងអស់ ការបង្កើតប្រព័ន្ធថ្មីមួយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចបើកចំហរបស់ប្រទេសចិន នៅដំណាក់កាលជឿនលឿនជាងមុន និងការធ្វើឲ្យនិយមនូវចក្ខុវិស័យរបស់សហគមន៍ពិភពលោកនៃការមានអនាគតរួមគ្នា។
យោងតាមឯកសារនោះ បានឲ្យដឹងទៀតថា ការសម្របសម្រួលគោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មដោយសេរី សមាហរណកម្មហិរញ្ញវត្ថុ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការ ក្នុងបណ្ដាវិស័យថ្មីៗ គឺជាផ្នែក និងទិសដៅដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ នៅទសវត្សរ៍ក្រោយ៕