
យោងតាមសហជីព GMB បានឲ្យដឹងថា កម្មករជាង ១.០០០នាក់ នៅឃ្លាំងផ្ទុកទំនិញរបស់ក្រុមហ៊ុន Amazon ក្នុងទីក្រុង Coventry ប្រទេសអង់គ្លេស បានចាប់ផ្តើមធ្វើកូដកម្ម នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) ដែលជាផ្នែកនៃជម្លោះដ៏រ៉ាំរ៉ៃ ជុំវិញប្រាក់ខែ ដោយកូដកម្មនេះ កើតឡើងនៅថ្ងៃ Black Friday ដែលជាថ្ងៃដើរទំនិញដ៏មមាញឹក។
ក្រុមសហជីពក៏កំពុងរៀបចំបាតុកម្មផងដែរ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Amazon ក្នុងទីក្រុងឡុងដ្រ៍។ តែយ៉ាងណាក្ដី អ្នកនាំពាក្យរបស់ Amazon នៅចក្រភពអង់គ្លេស បាននិយាយថា កូដកម្មនេះនឹងមិនបង្កឲ្យមានការរំខានណាមួយឡើយ។
បណ្ដាបុគ្គលិក និងសកម្មជន នៅទូទាំងទ្វីបអឺរ៉ុប គ្រោងធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់សហរដ្ឋអាមេរិកមួយនេះ នៅថ្ងៃសុក្រ ក្នុងគោលបំណងរំខានដល់ឃ្លាំងទំនិញ និងរារាំងទំនិញមិនឲ្យបានទៅដល់កន្លែងទុកអីវ៉ាន់របស់ Amazon នៅក្នុងថ្ងៃទិញទំនិញដ៏មមាញឹកបំផុតប្រចាំឆ្នាំ។
នៅថ្ងៃ Black Friday ដែលជាថ្ងៃបន្ទាប់ពីថ្ងៃបុណ្យដឹងគុណ Thanksgiving របស់សហរដ្ឋអាមេរិក អ្នកលក់រាយជាច្រើន បានបញ្ចុះតម្លៃទំនិញ ដើម្បីបង្កើនការលក់៕