
ប្រជាពលរដ្ឋរស់នៅទីក្រុង Garsen ស្ថិតក្នុងតំបន់ភាគអាគ្នេយ៍កេនយ៉ា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកឡើងប្រៀបច្រាំងទន្លេ Tana បង្កការជន់លិចនៅតាមភូមិជុំវិញនោះ ។
លោក Hassan Dallali ស្ថិតនៅក្នុងចំណោមនុស្សដែលបានជម្លៀសខ្លួនចេញពីទឹកជំនន់ ។ លោកនិយាយថា ទឹកបានធ្វើឲ្យពួកគេជាប់ខ្លួន ហើយពួកគេទាំងអស់គ្នា អាចត្រឹមតែរត់ទៅរកទីសុវត្ថិភាពខ្លួនឯងប៉ុណ្ណោះ ។
ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារបាតុភូតធម្មជាតិអែល នីញ៉ូ បង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់ បានជន់លិចទីក្រុងជាច្រើននៅទូទាំងតំបន់អាហ្វ្រិកខាងកើត ធ្វើឲ្យមនុស្សរាប់សែននាក់គ្មានផ្ទះសម្បែងរស់នៅ ។
យោងតាមតួលេខចុងក្រោយពីមន្ទីរប្រតិបត្តិការគ្រោះមហន្តរាយជាតិកេនយ៉ា បានឲ្យដឹងថា នៅក្នុងប្រទេសកេនយ៉ា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ បានកើនឡើងដល់ ៧១នាក់ ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បានកើតមាន ក្រោយប្រទេសកេនយ៉ា និងប្រទេសនៅអាហ្វ្រិកខាងកើតផ្សេងទៀត ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឹននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយបាត់បង់គោក្របី ដំណាំ និងសត្វចិញ្ចឹម ។
ខណៈពេលនោះដែរ ទីភ្នាក់ងារផ្តល់ជំនួយ បានព្រមានពីការរីករាលដាលឆ្លងជំងឺអាសន្នរោគនៅក្នុងចំណោមពលរដ្ឋជម្លៀសខ្លួនចេញពីទឹកជំនន់ ហើយចំនួនមនុស្សស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ៕