
បណ្ដាឪពុកម្តាយ នៅទីក្រុងស៊ាងហៃ ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) នេះ បាននិយាយថា ពួកគេមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេអំពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមលើកុមារ ដោយបន្ថែមថា បើទោះបីជាជមងឺនេះហាក់ដូចជាធ្ងន់ធ្ងរជាងមុន ក៏ពួកគេរំពឹងថា វានឹងបាត់ទៅវិញក្នុងពេលឆាប់ៗនេះ។
ប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងនៃជំងឺផ្លូវដង្ហើម ខណៈដែលប្រទេសនេះឈានចូលដល់រដូវរងាពេញលេញលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីបានលុបចោលការរឹតបន្តឹងនៅក្នុងខែធ្នូ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដោយករណីជាច្រើន ក្នុងចំណោមក្រុមកុមារលេចឡើងខ្ពស់ជាពិសេស នៅតំបន់ភាគខាងជើង ដូចជាទីក្រុងប៉េកាំង និងខេត្ត Liaoning ដែលមន្ទីរពេទ្យជាច្រើន កំពុងព្រមានពីការរង់ចាំយូរ។ .
ស្ថានការណ៍នេះបានក្លាយទៅជាការចាប់អារម្មណ៍ ក្នុងសប្តាហ៍នេះ នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) បានសុំឲ្យប្រទេសចិនឲ្យផ្ដល់ព័ត៌មានបន្ថែម ដោយដកស្រង់របាយការណ៍របស់កម្មវិធីសម្រាប់ការតាមដានជំងឺ ដែលកំពុងកើតមាន (ProMED) ពាក់ព័ន្ធនឹងក្រុមនៃជំងឺរលាកសួត ដែលមិនបានធ្វើរោគវិនិច្ឆ័យ ចំពោះកុមារ។
កាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) WHO បានឲ្យដឹងថា ប្រទេសចិនបានឆ្លើយតបទៅនឹងសំណើរបស់ខ្លួន ហើយទិន្នន័យដែលប្រទេសនេះបានផ្តល់ បានលើកឡើងថា ករណីជាច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការលើកលុបចោលការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយនឹងការចរាចរនៃវីរុសដែលត្រូវបានស្គាល់ ដូចជាជំងឺរលាកសួតមីកូប្លាស្មា ជាការឆ្លងវីរុសបាក់តេរីទូទៅ ដែលជាធម្មតាប៉ះពាល់ដល់កុមារ ដែលបានចរាចរ តាំងពីខែឧសភាមក៕