
ពលរដ្ឋប៉ាឡេស្ទីន នៅទីក្រុងហ្សេរុយសាឡិម នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) នេះ បាននិយាយថា បទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាជំហានដ៏ល្អមួយ ដោយសង្ឃឹមថា អ្វីៗនឹងត្រឡប់ទៅរកសភាបធម្មតាវិញ ហើយថា នៅទីបំផុត ប្រជាជនទាំងអស់អាចរស់នៅដោយសុវត្ថិភាព។
អ្នករស់នៅក្រុងហ្សេរុយសាឡិមឈ្មោះ Abu Imad Shabaneh បាននិយាយថា៖ «សង្ឃឹមថា អ្វីៗវិលទៅរកសភាពធម្មតាវិញ ហើយអ្នកទោស (ប៉ាឡេស្ទីន) នឹងរួចខ្លួនពីពន្ធនាគាររបស់អ៊ីស្រាអែល ហើយចំណាប់ថ្នូរ (អ៊ីស្រាអែល) ទាំងអស់ ដែលត្រូវក្រុមហាម៉ាសឃុំខ្លួន នឹងត្រឡប់ទៅរកគ្រួសាររបស់ពួកគេវិញ។ នេះជាអ្វី ដែលយើងប្រាថ្នាចង់បាន ពោលគឺមានភាពស្ងប់សុខយ៉ាងពិតប្រាកដ និងរស់នៅដោយសុវត្ថិភាព»។
សុមបញ្ជាក់ថា បទឈប់បាញ់បណ្តោះអាសន្ន រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឡើងនៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ ដែលជាការផ្អាកលើកដំបូង ក្នុងរយៈពេល ៤៨ថ្ងៃនៃជម្លោះ ដែលបានបំផ្លិចបំផ្លាញតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ប៉ុន្តែភាគីទាំង២ បានព្រមានថា ការបញ្ចប់សង្រ្គាម គឺនៅឆ្ងាយណាស់។
បទឈប់បាញ់ ដែលបានចាប់ផ្តើមនៅម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៥:០០ ម៉ោងសកល) ពាក់ព័ន្ធនឹងការដោះលែងនៅល្ងាចថ្ងៃសុក្រ ចំពោះស្ត្រី និងកុមារអ៊ីស្រាអែលចំនួន ១៣នាក់ ដែលត្រូវបានចាប់ខ្លួន ដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល៕