
ជនមូស្លីមហ្វីលីពីនរាប់រយនាក់ បានជួបជុំគ្នាខាងក្រៅមន្ទីរសាសនានៅទីក្រុងម៉ានីលនាថ្ងៃសុក្រនេះ ជំរុញឲ្យមេដឹកនាំរបស់ពួកគេគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ(UN) អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
អំឡុងសុន្ទរកថាក្រោយអ្នកចូលរួមធ្វើពិធីស្មឹងស្មាធិ៍ឲ្យមានសន្តិភាពនៅតំបន់ហ្គាហ្សា ប្រធានមន្ទីរសាសនាលោក Fahad Tambara បានអំពាវនាឲ្យប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ចុះហត្ថលេខាលើសម្រេចសម្រេចរបស់ UN ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែក និងការសម្លាប់កុមារគ្មានកំហុស ។
ក្រុមមូស្លីមស្រ្តីហ្វីលីពីន បានគ្រវីទង់ជាតិប៉ាឡេស្ទីន ខណៈសមាជិកផ្សេងទៀតនៃសហគមន៍មូស្លីម កាន់បដាសរសេរពាក្យ “ពួកយើងជាគឺជាអ្នកដែលនៅជាមួយប៉ាឡេស្ទីន” និង “បញ្ឈប់ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ” ។
អ៊ីស្រាអែល បានបើកការវាយលុកតំបន់ហ្គាហ្សា ក្រោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ដោយសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សប្រហែល ២៤០នាក់ ធ្វើជាចំណាប់ថ្នូរ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាស និងទម្លាក់គ្រាប់បែក ដោយបានសម្លាប់ជនប៉ាឡេស្ទីនប្រហែល ១៤.០០០នាក់នៅក្នុងតំបន់ហ្គាហ្សា ក្នុងនោះប្រហែលជា ៤០ភាគរយគឺជាកុមារ ៕