
រថក្រោះ និងរថពាសដែករបស់យោធាអ៊ីស្រាអែល ត្រូវបានគេមើលឃើញកំពុងចាកចេញពីភាគខាងជើងតំបន់ហ្កាហ្សា នៅថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) នេះ ខណៈដែលបទឈប់បាញ់ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ចាប់ផ្ដើម។
គេឃើញទាហានជាច្រើននាក់ នៅក្នុងរថយន្ត ដែលកំពុងចាកចេញ ញញឹម ដោយខ្លះមានកាន់ទង់ជាតិអ៊ីស្រាអែល ខណៈខ្លះទៀតបង្ហាញសញ្ញាសន្តិភាព មេដៃ និងលើកដៃ។
បទឈប់បាញ់បណ្តោះអាសន្ន រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមនៅហ្កាហ្សាស្ទ្រីប នៅព្រឹកថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) ដែលជាការផ្អាកលើកដំបូង ក្នុងរយៈពេល ៣៨ថ្ងៃនៃជម្លោះដែលបានបំផ្លិចបំផ្លាញតំបន់ហ៊ុបមព័ទ្ធប៉ាឡេស្ទីន ប៉ុន្តែភាគីទាំង២ បានព្រមានថា ការបញ្ចប់សង្រ្គាម គឺនៅឆ្ងាយណាស់។
មិនមានសេចក្ដីរាយការណ៍ពីការទម្លាក់គ្រាប់បែក ការវាយប្រហារដោយកាំភ្លើងធំ ឬការវាយប្រហារដោយគ្រាប់រ៉ុក្កែតនោះឡើយ ទោះបីជាទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ប្រហារម្តងម្កាល និងការរំលោភបំពានផ្សេងៗទៀតក៏ដោយ៕