
អ្នកស្រុកក្រុងគ្រីនដាវីក (Grindavik) ជាង៤.០០០នាក់ ក្នុងប្រទេសអ៊ីសឡង់ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានរយឡពេលជិត២សប្ដាហ៍មកហើយ បន្ទាប់ពីក្រុងភាគនិរតីមួយនេះ ត្រូវបានគេជម្លៀសខ្លួនចេញដោយសាតែហានិភ័យនៃការផ្ទុះភ្នំភ្លើង។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអ៊ីសឡង់ បានទម្លាក់កម្រិតសុវត្ថិភាពសាធារណៈក្នុងក្រុង គ្រីនដាវីកពីគ្រាអាសន្នទៅកម្រិតគ្រោះថ្នាក់វិញ ដោយអនុញ្ញាតឲ្យអ្នកស្រុកត្រឡប់ទៅផ្ទះ និងអាចយករបស់របរបស់ពួកគេបាន។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា មនុស្សជាង៣០០នាក់ បានត្រឡប់ទៅក្រុងគ្រីនដាវីកវិញនៅថ្ងៃនោះ។ ភាគច្រើនក្នុងចំណោមពួកគេ បានបញ្ជាក់ពីការលំបាកដែលគេបានបោះបង់ផ្ទះអចិន្រ្ទៃយ៍របស់ពួកគេ។
អ្នកស្រុកម្នាក់បាននិយាយថា វាពិតជាចម្លែក ណាស់។ ឥឡូវនេះ លោកបានអត់ធ្មត់ ហើយលោកមានអារម្មណ៍ដូចជាលោកបានទទួលយកអ្វីមួយដែលលោក ប្រហែលជាមិនមិនអាចត្រឡប់មកទីនេះ
ម្ដងទៀត។
ការិយាល័យឧតុនិយមអ៊ីសឡង់ និយាយថា ភ្នំភ្លើងនៅតែមានឱកាសផ្ទុះ ដូច្នេះ គេនៅមិនទាន់ដឹងថាពេលណា ឬថាតើអ្នកស្រុកនឹងនៅតែត្រូវគេអនុញ្ញាតអោយត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះឬយ៉ាងណា។
តាំងពីការភៀសខ្លួនចេញពីក្រុងនេសាទកាលពីថ្ងៃ១០វិច្ឆិកាមក អ្នកស្រុកក្រុងគ្រីនដាវីកភាគច្រើនបានរស់នៅក្នុងផ្ទះសាច់ញាតិ និងមិត្ដភ័ក្រ ខណៈដែលមួយចំនួនបានស្នាក់នៅកន្លែងដែលផ្ដល់ដោយនយោជក ឬត្រូវបានផ្ដល់ដោយចិត្ដសប្បុរសរបស់អ្នកស្រុកក្នុងក្រុងផ្សេង៕