ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីគម្រោងបង្កើតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ទី៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
គម្រោងនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ កាលពីសប្តាហ៍មុន នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) បានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាត ក្នុងគម្រោងធំៗជាច្រើន ។
ជាក់ស្តែងដូចជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ ដែលទើបសម្ពោធបើកការដ្ឋានថ្មីៗនេះ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា បេសកកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាទស្សនៈវិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជនត្រូវមានទឹកស្អាតប្រើប្រាស់ និងឆ្នាំ២០៣០ ប្រជាជននឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។ ចំណុចនេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែម និងបន្តបន្ទាប់ទៀត ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺស្នើឲ្យភាគីបារាំងចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីគិតគូរដោះស្រាយឲ្យបានទាន់ពេលវេលានៃតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡាដីកាន់តែរីកធំឡើង ។
លោកជំទាវ Eva Nguyen Binh បានបញ្ជាក់ថា វិស័យទឹកស្អាតជាវិស័យដ៏មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះប្រទេសបារាំង មានការយកចិត្តទុកដាក់លើវិស័យនេះ ហើយច្បាស់ណាស់ការអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ ។
សូមបញ្ជាក់ថា តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រមាណជាង៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ប៉ុន្តែការផលិតទឹកស្អាតពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានបរិមាណ ត្រឹមតែ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់មួយចំនួនមិនគ្រប់គ្រាន់៕
អត្ថបទ ៖ វណ្ណៈ


