ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានី នឹងធ្វើការចែកថង់ដាក់សំរាមនៅតាមស្ដង់លក់ដូរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យក្រុមអាជីវកម្មទុកសំរាម ឲ្យបានត្រឹមត្រូវ ខណៈដែលវិធីសាស្ត្រនេះ ត្រូវបានប្រទេសជប៉ុនអនុវត្តន៍ទទួលបានជោគជ័យ ។

ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសួនច្បារវត្តបុទម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ សាលារាជធានី បានរៀបចំនូវបង្គន់អនាម័យជាច្រើនកន្លែង ក៏ដូចជាការដាក់ពង្រាយនូវធុងសំរាមប្រមាណ១៥០០ សម្រាប់បម្រើដល់ពិធីបុណ្យ ដែលមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន្ត ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ។

ឯកឧត្តមបន្តថា នៅឆ្នាំនេះដែរ សាលារាជធានី នឹងអនុវត្តន៍វិធីសាស្ត្រថ្មី នៃការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ គឺត្រៀមថង់ធំៗប្រមាណជាង ៨០០គីឡូក្រាម ដើរចែកតាមស្ដង់លក់ដូរ ដើម្បីឲ្យអាជីវកម្មទុកសំរាម ក៏ដូចជាពលរដ្ឋដើរលេងកម្សាន្តអាចទុកដាក់បានផងដែរ ។
ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រចំពោះវិធីសាស្ត្រថ្មី នៃការទុកដាក់សំរាមរបស់សាលារាជធានី ហើយពួកគេរំពឹងថា ក្រុមអាជីវកម្ម ឬភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានការងាយស្រួលរកកន្លែងទុកដាក់សំរាម ហើយពួកគេក៏បានប្ដេជ្ញាពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។

គិតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ សកម្មភាពនៃការរៀបចំតុបតែលម្អសោភ័ណភាព ក៏ដូចជាការរៀបចំស្ដង់លក់ទំនិញ និងទីតាំងប្រគុំតន្ត្រីធំៗ សម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ខណៈដែលទូកងពីតាមបណ្ដាខេត្តមកចូលរួមប្រកួត ក៏ធ្វើដំណើរមកដល់ជាហូរហែរផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ



