កងកម្លាំងគ្រប់ប្រភេទដែលមានចំនួនជាង១ម៉ឺននាក់ បានត្រៀមរួចជាស្រេចហើយ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបដោយផ្ទាល់ជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងបានត្រួតពិនិត្យតាមគោលដៅសំខាន់ៗនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ និងណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន ១៤គោលដៅ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពីបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ និងគិតថា ភារៈកិច្ចរបស់កងកម្លាំង គឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្ត និងជឿជាក់ក្នុងការការពារពួកគាត់ឱ្យបានល្អប្រសើរ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែងលើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់នេះផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







