ភ្ញៀវទេសចរអឺរ៉ុប ជាង២០០នាក់ មកដល់ខេត្តសៀមរាប តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយក៏ជាលើកដំបូង ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣នេះ។ ភ្ញៀវទេសចរទាំងនោះមកកំសាន្ដនៅខេត្ដសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍អ៊ិចសូ ត្រាវ៉ែល Exo Travel។ ពួកគាត់ស្នាក់នៅនិងដើរកំសាន្ដតាមប្រាសាទនានា រយៈពេល៣យប់៣ថ្ងៃ នៅក្នុងរមណីយដ្ឋានអង្គរផងដែរ។
ឯកឧត្ដម ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍នៅគ្រាដែលឯកឧត្ដម ទៅទទួលស្វាគមន៍ភ្ញៀវទេសចរនោះថា នេះជាប្រភេទយន្តហោះ Boeing 777 និងជនជាតិអឺរ៉ុប ២០៨នាក់ បានហោះហើត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកដំបូង ខណៈដែលអាកាសយានដ្ឋាននៅក្រុងសៀមរាបចាស់ មិនអាចចុះចតបានឡើយ។
ឯកឧត្ដមបន្ដថា ភ្ញៀវទេសចរទាំងនោះ ពួកគាត់ នឹងស្នាក់នៅនិងទស្សនាកំសាន្ដតាមប្រាសាទនានាក្នុងខេត្ដសៀមរាបអង្គររយៈពេលបីយប់បីថ្ងៃ ហើយនៅថ្ងៃទី២៧ខែវិច្ឆិកា បន្ដទៅទស្សនាប្រទេសវៀតណាម។
ឯកឧត្ដមបានបន្ដថាសមិទ្ធផលដ៍ធំខ្នាតអន្ដរជាតិដែលយន្ដហោះយក្សចុះចតជាលើកដំបូង និងមានអ្នកទេសចរជាង២០០នាក់នេះ នឹងធ្វើឱ្យប្រទេសមួយចំនួននៅលើពិភពលោក ចាប់អារម្មណ៍ហើយនឹងសុំធ្វើការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប នាថ្ងៃខាងមុខ ហើយកម្ពុជា មានកំណើនទេសចរច្រើនដូចមុនឆ្នាំ២០២០កន្លងមក។ ឯកឧត្ដមបានបន្ដថា ជាក់ស្ដែងនៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ មានក្រុមហ៊ុននៅប្រទេសឥណ្ឌានឹងសុំធ្វើការហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប មួយសប្ដាហ៍៧ជើង ស្មើរមួយថ្ងៃមួយជើង។
ឯកឧត្ដមបន្ថែមថា កាលណាកម្ពុជាមានអាកាសយានដ្ឋានទំនើប ផាសុខភាព សុវត្ថិភាព មានប្រាសាទអង្គរវត្ដ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ នឹងធ្វើឱ្យអ្នកទេសចរ និងអ្នកធ្វើជំនួញ ទៅផ្ដល់នូវសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះផងដែរ។
បើតាមបុគ្គលិកក្រុមហ៊ុន បានឱ្យដឹងថា ភ្ញៀវទេសចរនេះ មកតាមរយៈក្រុមហ៊ុន ទេសចរណ៍អ៊ិចសូ ត្រាវ៉ែល EXO Travel ហើយពួកគាត់ទៅទស្សនាប្រាសាទអង្គរវត្ដ ប្រាសាទអង្គរធំ ប្រាសាទអង្គរធំ ព្រមទាំងពិសារអាហារពេលល្ងាចនៅព្រលានជលដំរីនាថ្ងៃទី២៥ខែវិច្ឆិកានេះផងដែរ។ សូមបញ្ជាក់ថា កាលពីដើមខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់សៀមរាប បន្ទាប់ពីបញ្ចប់វិបត្ដិជំងឺកូវីដ១៩៕អត្ថបទៈ ឈិត សាវី