ស្ថានទូតអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃសុក្រ បាននិយាយថា មានភាពស្ងប់ស្ងាត់រយៈពេល ១២ម៉ោងនៅតាមខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)ដែលកំណត់ព្រំដែនជាមួយអ៊ីស្រាអែល ជាកន្លែងដែលការបាញ់ប្រហារប្រចាំថ្ងៃ បាននិងកំពុងកើតឡើងរវាងក្រុមប្រដាប់អាវុធហេបូឡា និងអ៊ីស្រាអែល។
ស្ថានទូតនេះ បាននិយាយនៅលើបណ្តាញសង្គមXថា៖«ភាពស្ងប់ស្ងាត់រយៈពេល ១២ម៉ោង នៅលើខ្សែបន្ទាត់ពណ៌ខៀវ បានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម និងថាមពលជាថ្មី ដើម្បីកសាងថ្ងៃស្អែកឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រទេសលីបង់»។
ក្រុមអ្នកស្រុក បានប្រាប់សារព័ត៌មានរ៉យទ័រថា ព្រំដែន បានស្ងប់ស្ងាត់ តាំងពីមុនម៉ោង ០៧០០ ម៉ោងក្នុងស្រុក នៅព្រឹកថ្ងៃសុក្រ ប៉ុន្តែមានការសំឡេងបាញ់ប្រហារតិចតួចចេញខាងអ៊ីស្រាអែល។
ភាពស្ងប់ស្ងាត់នេះ បានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់បណ្ដោះអាសន្ន ដែលសម្របសម្រួលដោយកាតារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា នៅតំបន់ហ្កាហ្សា៕

